កិច្ចប្រជុំពិភាក្សាកម្រិតថ្នាក់ដឹកនាំ លើគម្រោងផែនការចំណូល-ចំណាយថវិកាឆ្នាំ២០១៧ របស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ
នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ ដឹកនាំក្រសួង អមដោយក្រុមការងាអគ្គលេខាធិការដ្ឋាន ដែលជា អង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ ព្រមទាំងអង្គភាពថវិកា ទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន បានចូលរួមកិច្ចប្រជុំពិភាក្សាកម្រិតថ្នាក់ដឹកនាំ លើ គម្រោងផែនការចំណូល-ចំណាយថវិកាឆ្នាំ២០១៧ របស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានទទួលការ ប្រគល់សិទ្ធិពី ឯកឧត្តមទេសរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើការចរចាកញ្ចប់ថវិការបស់រាជរដ្ឋាភិបាល ក្នុងការរៀបចំសេចក្តី ព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅបន្ទាប់ពីក្រុមការងារថវិកាកម្រិតបច្ចេកទេសរបស់អគ្គលេខាធិការដ្ឋាន បានសម្របសម្រួលបូកសរុបលើគម្រោងផែនការចំណូល-ចំណាយឆ្នាំ២០១៧ ពីគ្រប់អង្គភាពថវិការួចមក។ ជាមួយគ្នានេះ កិច្ចប្រជុំនេះក៏មានការចូលរួមពីឯកឧត្តម ជូ វិជិត្ត រដ្ឋលេខាធិការ និងជាអភិបាលហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផងដែរ។
ការចរចាកញ្ចប់ថវិកាឆ្នាំនេះ មានការគិតគូរយ៉ាងម៉ត់ចត់ ដោយធ្វើយ៉ាងណា មិនឱ្យការចំណាយមានការកើនឡើងខ្ជះខ្ជាយ សំដៅសន្សំសំចៃថវិកាឱ្យបានជាអតិប្បបរមា។ ទន្ទឹមគ្នានេះ ការរៀបចំ កញ្ចប់ថវិកាឆ្នាំនេះ ក៏ដូចឆ្នាំ២០១៥ ដោយផ្អែកលើការរៀបចំ ចង្កោមសកម្មភាព អនុកម្មវិធី កម្មវិធី គោលបំណងគោលនយោបាយ ដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានដាក់ចេញ។ ឯកឧត្តមប្រធានអង្គប្រជុំ ក៏បានផ្តល់អនុសាសន៍ក្នុងការពង្រឹងដល់ ការអនុវត្តដោយគោរពវិន័យថវិកា ដោយចំណាយឱ្យចំគោលដៅអាទិភាព ដើម្បីទទួលបានលទ្ធផលជាផ្លែផ្កាមកវិញ។