កិច្ចប្រជុំពិនិត្យពិភាក្សាលើការរៀបចំសៀវភៅស្ដីពី សិទ្ធិ និងអត្ថប្រយោជន៍មន្ត្រីរាជការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នាព្រឹកថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០១៩ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំពិនិត្យពិភាក្សាលើការរៀបចំសៀវភៅស្ដីពី សិទ្ធិ និងអត្ថប្រយោជន៍មន្ត្រីរាជការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ នៃនាយកដ្ឋានបុគ្គលិក ដែលជាអ្នករៀបចំចងក្រងឯកសារនេះផ្ទាល់។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យពិភាក្សា និងសម្អាតជាចុងក្រោយលើសេចក្ដីព្រាងឯកសារដែលក្រុមការងារបានរៀបចំរួចរាល់ ក្នុងគោលដៅធ្វើយ៉ាងណាឱ្យឯកសារដ៏មានសារៈសំខាន់មួយនេះ អាចសម្រេចចេញជារូបរាងឡើងកាន់តែឆាប់រហ័សទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព និងគុណភាពខ្ពស់ អនុលោមត្រឹមត្រូវតាមបទប្បញ្ញត្តិជាធរមាន។