កិច្ចប្រជុំពិនិត្យពិភាក្សាលើកិច្ចដំណើរការការងារ ច.ច.ម ទីស្ដីការក្រសួង និងការរៀបចំបង្កើត Call Center របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នាព្រឹកថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៩ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំសម្របសម្រួលកិច្ចប្រជុំពិនិត្យពិភាក្សាលើកិច្ចដំណើរការការងារ ច.ច.ម ទីស្ដីការក្រសួង និងការរៀបចំបង្កើត Call Center របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីគ្រប់តំណាងអង្គភាពពាក់ព័ន្ធមានទីតាំងនៅក្នុងទីស្ដីការក្រសួង ដែលមានផ្ដល់សេវាសាធារណៈរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំងអស់។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងជួបពិនិត្យពិភាក្សាដើម្បីកែលម្អបន្ថែមឱ្យកិច្ចការងារផ្ដល់សេវាសាធារណៈដែលជាសមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដល់សាធារណជនរបស់ការិយាល័យច្រកចេញចូលតែមួយទីស្ដីការក្រសួង អាចប្រព្រឹត្តទៅបានកាន់តែរលូន ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទទួលបាននូវការពេញចិត្តកាន់តែច្រើនពីសំណាក់សាធារណជន ក៏ដូចជាដើម្បីឆ្លៀតឱកាសជួបពិភាក្សាប្រមូលធាតុចូលបន្ថែមលើការរៀបចំ Call Center របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលនឹងក្លាយជាបណ្ដាញសម្រាប់សាធារណជនសាកសួរព័ត៌មានផ្សេងៗ ជាពិសេសព័ត៌មានពាក់ព័ន្ធនឹងការផ្ដល់សេវាសាធារណៈរបស់ក្រសួងផងដែរ។