កិច្ចប្រជុំពិនិត្យពិភាក្សាវាយតម្លៃលើសំណើសុំផ្តល់គ្រឿងឥស្សរិយយស និងប័ណ្ណសរសើរជូនមន្រ្តី
នាព្រឹកថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០១៨ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ដោយមានការប្រគល់សិទ្ធិពីឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការវាយតម្លៃលក្ខណសម្បត្តិ និងផ្ដល់គ្រឿងឥស្សរិយយសនិងប័ណ្ណសរសើរ ជូនមន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានឋានន្តរស័ក្ដិចាប់ពីមន្ត្រី ឬឋានៈស្មើ ដល់អគ្គនាយករង ឬ ឋានៈស្មើ ហៅកាត់ថា គ.យ.ស.២, ឯកឧត្តមអគ្គលេខាធិការ និងជាអនុប្រធាន គ.យ.ស.២ បានសម្របសម្រួលដឹកនាំកិច្ចប្រជុំជាមួយឯកឧត្តម លោក លោកស្រី សមាជិកនៃគ.យ.ស.២ ទាំងអស់ ដែលមានសមាសភាពមកពីគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទាំងថ្នាក់កណ្ដាល និងថ្នាក់មូលដ្ឋាន។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីពិនិត្យពិភាក្សាលើលទ្ធផលបូកសរុប និងវាយតម្លៃមន្ត្រីរាជការ សម្រាប់ការផ្ដល់គ្រឿងឥស្សរិយយស និងផ្ដល់ប័ណ្ណសរសើរ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០១៨ ក្នុងគោលដៅធ្វើយ៉ាងណាឱ្យការផ្ដល់គ្រឿងឥស្សរិយយស និងប័ណ្ណសរសើរ ជូនដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អាចប្រព្រឹត្តទៅបានទាន់ពេលវេលា គ្រប់ជ្រុងជ្រោយ ប្រកបដោយគុណភាព តម្លាភាព និងប្រសិទ្ធភាពខ្ពស់។