កិច្ចប្រជុំពិនិត្យការអនុវត្តថវិកាពាក់កណ្តាលឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីតំណាងនៃគ្រប់អង្គភាពថវិកា ទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន ក្រោមឱវាទក្រសួង
នៅរសៀលថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិនិត្យការអនុវត្តថវិកាពាក់កណ្តាលឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីតំណាងនៃគ្រប់អង្គភាពថវិកា ទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន ក្រោមឱវាទក្រសួង។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងបន្ទាប់ពីមានការសម្របសម្រួលបូកសរុបរបាយការណ៍របស់អគ្គលេខាធិការដ្ឋានក្រសួង ក្នុងនាមជាអង្គភាពថវិកាកម្រិតបច្ចេកទេស ក្នុងគោលបំណង ចំនួន ៣ សំខាន់ៗ រួមមាន :
១. តាមដាន និងរាយការណ៍ជូនថ្នាក់ដឹកនាំក្រសួង អំពីវឌ្ឍនភាពដែលអង្គភាពថវិកាក្រោមឱវាទក្រសួងសម្រេចបាន នៅក្នុងឆមាសទី១ ឆ្នាំ២០១៨។
២. កំណត់បញ្ហាប្រឈម និងស្នើដាក់ចេញនូវវិធានការដោះស្រាយ ដើម្បីជំរុញការអនុវត្តការងារបន្តក្នុងឆ្នាំ ឱ្យកាន់តែរលូន និងសម្រេចបានតាមគោលដៅដែលបានដាក់ចេញ។
៣. បំពេញតាមលក្ខខណ្ឌតម្រូវនៃបទប្បញ្ញត្តិគតិយុត្តពាក់ព័ន្ធថវិកាកម្មវិធីជាធរមាន។
ជារួម ការអនុវត្តចំណូលបានល្អ ដែលនឹងអាចឈានទៅសម្រេចគោលដៅកំណត់ក្នុងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០១៨។ ចំណែកការអនុវត្តចំណាយតាមអង្គភាពថវិកាមានស្ថានភាពល្អ ក្នុងការត្រួតពិនិត្យពាក់កណ្តាលឆ្នាំកន្លងមក បើបូករួមទាំងចំណាយដែលកំពុងរៀបចំទូទាត់ (តួលេខធានាចំណាយ) រីឯចលនាឥណទាន ក៏មានកម្រិតទាបក្នុងឆមាសទី១។ ក្នុងន័យនេះ ផ្អែកលើលទ្ធផលជាវិជ្ជមាននៃការពិនិត្យការអនុវត្តថវិកាពាក់កណ្តាលឆ្នាំ២០១៨ នេះ ឃើញថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងអាចឈានទៅសម្រេចបានលទ្ធផលអនុវត្តប្រចាំឆ្នាំល្អ ទាំងក្នុងទិដ្ឋភាពហិរញ្ញវត្ថុ និងទិដ្ឋភាពសមិទ្ធកម្ម។