កិច្ចប្រជុំពិគ្រោះយោបល់ជាមួយតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដើម្បីពិភាក្សា និងប្រមូលធាតុចូលបន្ថែមលើសេចក្តីព្រាងឯកសារគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលនីតិកាលទី ៦ ក្នុងកម្រិតថ្នាក់ដឹកនាំ និងគោលនយោបាយរបស់ក្រសួង-ស្ថាប័នជំនាញ
នាព្រឹកថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ នៅទីស្តីការឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ មានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដើម្បីពិភាក្សា និងប្រមូលធាតុចូលបន្ថែមលើសេចក្តីព្រាងឯកសារគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលនីតិកាលទី ៦ ក្នុងកម្រិតថ្នាក់ដឹកនាំ និងគោលនយោបាយរបស់ក្រសួង-ស្ថាប័នជំនាញ ។
កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ជាអនុប្រធានប្រចាំការនៃ ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (កបស) និងជាប្រធានក្រុមការងារដឹកនាំរៀបចំឯកសារគោលនយោបាយនិង យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជារដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, មន្ត្រីជាន់ខ្ពស់ តំណាងឲក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល ព្រមទាំងសមាជិក, ទីប្រឹក្សា និងមន្រ្ដីរាជការនៃអគ្គលេខាធិការរដ្ឋាន កបស ។
គោលបំណងសំខាន់នៃការប្រជុំពិគ្រោះយោបល់នេះ សំដៅសម្រួចរបៀបវារៈគោលនយោបាយ ដែលមានចែងក្នុងឯកសារយុទ្ធសាស្ត្រដែលបានរៀបចំនេះ ឱ្យមានសង្គតិភាពជាមួយគោលនយោបាយ និងផែនការ យុទ្ធសាស្ត្រតាមវិស័យរបស់ក្រសួង ស្ថាប័ន និងដើម្បីឱ្យឯកសារដែលបានរៀបចំនេះកាន់តែមានលក្ខណៈ គ្រប់ជ្រុងជ្រោយ។
អង្គប្រជុំក៏បានពិភាក្សា និងសម្រិតសម្រាំងសេចក្តីព្រាងឯកសារគោលនយោបាយនេះ តាមរយៈសម្រួចអាទិភាពលើសមិទ្ធផលធំៗ, និន្នាការសំខាន់ៗ, កាលានុវត្តភាព, បញ្ហាប្រឈម និងវិធានការគោលនយោបាយ ឱ្យកាន់តែមានលក្ខណៈជាយុទ្ធសាស្រ្ត ច្បាស់លាស់, មានភាពប្រាកដនិយម, មានសង្គតិភាព និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព។