កិច្ចប្រជុំពិគ្រោះយោបល់ជាមួយរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីពិនិត្យលើសេចក្តីព្រាងឯកសារចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ (C2050)
រសៀលថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៨ នៅទីស្តីការឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ មានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីពិនិត្យលើសេចក្តីព្រាងឯកសារចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ (C2050) ក្រោមកិច្ចសហការដឹកនាំសម្របសម្រួលដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ និងជាអនុប្រធានប្រចាំការនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (កបស) ទទួលបន្ទុកជាប្រធានក្រុមការងារដឹកនាំរៀបចំឯកសារគោលនយោបាយនិងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា និងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា,
ដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ សមាជិកសមាជិកា នៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមជាមួយនឹងសមាជិក ទីប្រឹក្សា អគ្គលេខាធិការរង នៃ កបស សរុបសមាសភាពចូលរួមប្រមាណជាង ៥០ រូប។ កិច្ចប្រជុំពិគ្រោះយោបល់ដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្រោមគោលបំណងប្រមូលធាតុចូលចាំបាច់បន្ថែមដើម្បីឱ្យសេចក្តីព្រាងឯកសារ C2050 កាន់តែមានភាពគ្រប់ជ្រុងជ្រោយ ស្របតាមការកំណត់មាគ៌ាដឹកនាំនិងមាគ៌ាអភិវឌ្ឍន៍ជាតិមួយរបស់កម្ពុជា ដែលគ្រប់គ្រងបាននូវការរំពឹងទុកប្រកបដោយភាពប្រាកដនិយម និងសុទិដ្ឋិនិយម ព្រមទាំងធានាបាននូវសុខដុមនីយកម្ម និងចីរភាពនៃកិច្ចដំណើរការអភិវឌ្ឍកម្ពុជា តាមរយៈការរៀបចំឱ្យមាននូវចក្ខុវិស័យវែងឆ្ងាយរបស់កម្ពុជា ដែលឆ្លុះបញ្ចាំងអំពី “បំណងប្រាថ្នារួមរបស់ប្រជាជនកម្ពុជាទាំងមូល” ដើម្បីដឹកនាំនាវាកម្ពុជាឆ្លងកាត់ឧបសគ្គ និងជម្នះបានបញ្ហាប្រឈមគ្រប់បែបយ៉ាង រហូតសម្រេចបាននូវចក្ខុវិស័យ និងបំណងប្រាថ្នា ប្រកបដោយមហិច្ចតា ពោលគឺ “ក្តាប់យកមកវិញនូវមោទនភាពជាតិ និងកសាងជាតិមួយដ៏រស់រវើក” ឈានឆ្ពោះទៅរកអនាគតដ៏រុងរឿង, ភ្លឺស្វាង និង ត្រចះត្រចង់។ ជារួម ការរៀបចំ C2050 ឆ្លុះបញ្ចាំងពីបំណងប្រាថ្នាដ៏ឧត្តុងឧត្តមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។