កិច្ចប្រជុំផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នាព្រឹកថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០១៨ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ដោយមានការប្រគល់សិទ្ធិពីឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បតិ្តរដ្ឋប្រចាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តម ឈន សុភាព អនុរដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការគណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បតិ្តរដ្ឋប្រចាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីគ្រប់តំណាងក្រុមការងាររៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋប្រចាំអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំងថ្នាក់កណ្ដាល និងថ្នាក់មូលដ្ឋាន។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីផ្សព្វផ្សាយនិងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធគ្រប់គ្រងទិន្នន័យបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងគោលដៅពង្រឹងការកត់ត្រា តាមដាន និងការចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួងឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាពថែមមួយកម្រិតទៀត។