កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០៤ សរណន ចុះថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០១៧ ស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨
នាព្រឹកថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០១៧ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំ “កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០៤ សរណន ចុះថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០១៧ ស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨” ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះ បានរៀបចំឡើងដោយមានកិច្ចសម្របសម្រួលពីអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងនាមជាក្រុមការងារថវិកាកម្រិតបច្ចេកទេស នៃក្រសួង ព្រមទាំងទទួលបានការសហការរៀបចំបទបង្ហាញពីអគ្គនាយកដ្ឋានថវិកា នៃក្រសួង ផងដែរ។ កិច្ចប្រជុំនេះ មានគោលបំណងពង្រឹង និងបង្កើនការយល់ដឹងបន្ថែមទៀត ដល់ក្រុមការងារថវិកា មកពីបណ្តាអង្គភាពថវិកា ទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន នៃក្រសួង ក្នុងការត្រៀមលក្ខណៈសម្រាប់ការរៀបចំគម្រោងចំណូល-ចំណាយថវិការបស់អង្គភាពថវិកា សម្រាប់ឆ្នាំ២០១៨ ឱ្យកាន់តែសុក្រឹត មានគុណភាព និងទាន់ពេលវេលា ព្រមទាំងជំរុញឱ្យអង្គភាពថវិកា អាចត្រៀមខ្លួនបានមួយកម្រិតទៀត សម្រាប់ការងារត្រួតពិនិត្យការអនុវត្តថវិកាកម្មវិធីពាក់កណ្តាលឆ្នាំ២០១៧ នាខែកក្កដា ខាងមុខផងដែរ។ កិច្ចប្រជុំផ្សព្វផ្សាយនេះ បានប្រព្រឹត្តទៅក្រោមរបៀបវារៈសំខាន់ៗចំនួន ០៤ រួមមាន៖ ទី១) បទបង្ហាញ អំពីសារាចរណែនាំលេខ ០៤ សរណន ចុះថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០១៧ ស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨, ទី២) បទបង្ហាញ អំពីផែនការយុទ្ធសាស្រ្តថវិកា ឆ្នាំ២០១៨-២០២០ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ទី៣) ការបង្ហាញអំពីការអនុវត្តថវិកាពាក់កណ្តាលឆ្នាំ២០១៧ (តួលេខបឋម) របស់អង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ទី៤) ការណែនាំអំពីការរៀបចំគម្រោងចំណូល-ចំណាយថវិកា ឆ្នាំ២០១៨ ជូនអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីជាមូលដ្ឋានក្នុងការជជែកពិភាក្សា និងកែលម្អបន្ថែមក្នុងវិបស្សនារៀបចំការងារនេះ នៅថ្ងៃទី០៣ -០៥ ខែកក្កដា ឆ្នាំ២០១៧។