កិច្ចប្រជុំផ្សព្វផ្សាយប្រព័ន្ធគ្រប់គ្រងបុគ្គលិកមន្ត្រីរាជការក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមប្រព័ន្ធព័ត៌មានវិទ្យា ជាមួយគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នារសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ដោយគោរពប្រតិបត្តិតាមការប្រគល់សិទ្ធិដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយប្រព័ន្ធគ្រប់គ្រងបុគ្គលិកមន្ត្រីរាជការក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមប្រព័ន្ធព័ត៌មានវិទ្យា ជាមួយគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទាំងថ្នាក់កណ្ដាល និងថ្នាក់មូលដ្ឋាន។ កិច្ចប្រជុំនេះរៀបចំឡើង ក្នុងគោលដៅបង្កើនប្រសិទ្ធភាព សុក្រឹតភាព សង្គតិភាព និងភាពគ្រប់ជ្រុងជ្រោយនៃការគ្រប់គ្រងបុគ្គលិក មន្ត្រីរាជការរបស់អង្គភាពក្រោមឱវាទក្រសួង ក៏ដូចជាចូលរួមកែលម្អឱ្យបានកាន់តែប្រសើរឡើង នូវប្រព័ន្ធគ្រប់គ្រងបុគ្គលិកមន្ត្រីរាជការ តាមប្រព័ន្ធព័ត៌មានវិទ្យា ដែលបានដាក់ឱ្យដំណើរការសាកល្បងនាពេលកន្លងមក ដើម្បីឱ្យក្រសួងអាចក្ដោបក្ដាប់ព័ត៌មានរបស់បុគ្គលិកមន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា បានគ្រប់ជ្រុងជ្រោយ និងមានភាពកាន់តែល្អប្រសើរឡើង។