កិច្ចប្រជុំផ្ទៃក្នុងអគ្គលេខាធិការដ្ឋាន ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងរកដំណោះស្រាយលើបញ្ហាប្រឈមនានា របស់គ្រប់នាយកដ្ឋានក្រោមឱវាទ ប្រចាំខែឧសភា ឆ្នាំ២០១៧
នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអគ្គលេខាធិការដ្ឋាន ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងរកដំណោះស្រាយលើបញ្ហាប្រឈមនានា របស់គ្រប់នាយកដ្ឋានក្រោមឱវាទ ប្រចាំខែឧសភា ឆ្នាំ២០១៧។ ជាលទ្ធផល កិច្ចប្រជុំសម្រេចបានតាមការគ្រោងទុក ដោយបានដោះស្រាយបាននូវបញ្ហាចំពោះមុខដែលនាយកដ្ឋាននីមួយៗ បានលើកឡើង ព្រមទាំងបានកំណត់ពីយន្តការជំរុញការងារចំពោះមុខមួយចំនួនទៀត។ លើសពីនេះទៅទៀត ឯកឧត្តមអគ្គលេខាធិការ ក៏បានផ្តល់អនុសាសន៍តម្រង់ទិស និងដាក់ចេញនូវផែនការអនុវត្តការងារមួយចំនួនទៀត សម្រាប់នាយកដ្ឋាននីមួយៗ អនុវត្តបន្ត ក្នុងគោលដៅដើម្បីរៀបចំផែនការការងារឱ្យបានច្បាស់លាស់ និងអាចសម្រេចបានទាន់ពេលតាមផែនការកំណត់។ទន្ទឹមនេះ ឯកឧត្តមអគ្គលេខាធិការ ក៏បានអំពាវនាវដល់សហការីទាំងអស់ ឱ្យបន្តសហការ និងរួមសាមគ្គីគ្នាឱ្យបានល្អ ដើម្បីពូតដៃគ្នាធ្វើកិច្ចការបម្រើក្រសួង ឱ្យមានប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាពខ្ពស់ ប្រកបដោយស្មារតីបុរេសកម្ម សកម្ម និងអន្តរសកម្ម ស្របតាមអភិក្រមដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី។