កិច្ចប្រជុំផ្ទៃក្នុងប្រចាំឆមាសទី១ ឆ្នាំ ២០១៩ ជាមួយគ្រប់នាយកដ្ឋាន និងលេខាធិការដ្ឋាន នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នារសៀលថ្ងៃ ព្រហស្បតិ៍ ១០កើត ខែ អាសាឍ ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១៩ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, អគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងប្រចាំឆមាសទី១ ឆ្នាំ ២០១៩ ជាមួយគ្រប់នាយកដ្ឋាន និងលេខាធិការដ្ឋាន នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យពិភាក្សាលើវឌ្ឍនភាពការងារ ស្ដាប់សំណូមពរ និងដោះស្រាយបញ្ហាប្រឈមនានារបស់គ្រប់អង្គភាព នៃអគ្គលេខាធិការដ្ឋាន ទាំងលើការងារកែទម្រង់ និងការងារប្រចាំថ្ងៃ ដែលបានអនុវត្តក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ ២០១៩ កន្លងមក ព្រមទាំងដើម្បីដាក់ចេញនូវផែនការអនុវត្តការងារសម្រាប់អនុវត្តបន្តផងដែរ។ ឆ្លៀតក្នុងឱកាសនេះ ដោយប្រតិបត្តិតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ បានធ្វើការចែកជូននូវបណ្ណសរសើរដល់បុគ្គលិកមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានចំនួន ៦០ រូប ដែលមានស្នាដៃឆ្នើមក្នុងផ្នែកមួយចំនួនដូចជា ការគ្រប់គ្រងបុគ្គលិកមន្ត្រីរាជការ, ការងារកីឡារបស់ក្រសួង និងបុគ្គលិកមន្ត្រីរាជការដែលបានបរិច្ចាគឈាមដោយស្ម័គ្រចិត្ត នាពេលកន្លងមកផងដែរ។