កិច្ចប្រជុំផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើកទី៤ ដើម្បីពិភាក្សាលើសេចក្ដីព្រាងគោលនយោបាយជាតិស្ដីពី “ផលិតភាពសេដ្ឋកិច្ចកម្ពុជា” ឆ្នាំ២០២២-២០២៣
នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ តាមរយៈប្រព័ន្ធសន្និសីទវីដេអូ Zoom, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមកិច្ចប្រជុំផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើកទី៤ ដើម្បីពិភាក្សាលើសេចក្ដីព្រាងគោលនយោបាយជាតិស្ដីពី “ផលិតភាពសេដ្ឋកិច្ចកម្ពុជា” ឆ្នាំ២០២២-២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ នៃគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះមានគោលបំណងបន្តពិនិត្យពិភាក្សាលើសេចក្ដីព្រាងគោលនយោបាយជាតិស្ដីពី “ផលិតភាពសេដ្ឋកិច្ចកម្ពុជា” ឆ្នាំ២០២២-២០២៣ ដែលអគ្គលេខាធិការដ្ឋាន គ.ជ.ផ.ក. បានកែសម្រួលតាមស្មារតីនៃកិច្ចប្រជុំផ្ទៃក្នុងក្រសួង លើកទី៣ កន្លងមក សំដៅធ្វើយ៉ាងណាឱ្យការរៀបចំសេចក្ដីព្រាងគោលនយោបាយនេះកាន់តែមានភាពត្រឹមត្រូវគ្រប់ជ្រុងជ្រោយ ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន និងបញ្ចប់រួចរាល់បានទាន់ពេលវេលាតាមផែនការដែលបានគ្រោងទុក។