កិច្ចប្រជុំប្រចាំខែតុលា នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំសម្របសម្រួលប្រជុំ ជាមួយនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យលើវឌ្ឍភាពការងារ និងពិភាក្សាដោះស្រាយបញ្ហាប្រឈម ដែលនាយកដ្ឋាន បាននិងកំពុងជួបប្រទះ ប្រចាំខែតុលា ឆ្នាំ២០១៦។ ជាលទ្ធផលរួមនៃកិច្ចប្រជុំ ឯកឧត្តមអគ្គលេខាធិការ បានផ្តល់អនុសាសន៍មួយចំនួន ដើម្បីកែលម្អលើសកម្មភាពការងារកែទម្រង់របស់នាយកដ្ឋាន ក្នុងគោលបំណងជំរុញឱ្យសកម្មភាពដែលបានដាក់ចេញ អាចសម្រេចបានតាមគោលដៅកំណត់។ ទន្ទឹមនេះ ឯកឧត្តម ក៏បានលើកទឹកចិត្តដល់ក្រុមការងារកែទម្រង់របស់នាយកដ្ឋាន ឱ្យអនុវត្តការងារប្រកបដោយស្មារតីបុរេសកម្ម និងទទួលខុសត្រូវខ្ពស់ លើការងារ ឱ្យបានកាន់តែប្រសើរថែមទៀត ដើម្បីអាចរកវិធានការដោះស្រាយបញ្ហា បានទាន់ពេលវេលា និងមានប្រសិទ្ធភាព ព្រមទាំងប្រឹងប្រែងបំពេញការងារឱ្យអស់លទ្ធភាព ក្នុងនាមជាសេនាធិការរបស់អង្គភាពហិរញ្ញវត្ថុ ក៏ដូចជាក្រសួងទាំងមូល ក្នុងគោលដៅរួមចំណែកពង្រឹងដល់កិច្ចសម្របសម្រួលគាំទ្រ ជាមួយអង្គភាពថវិកាទាំងអស់ ក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។