កិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារ និងដោះស្រាយបញ្ហាប្រឈមក្នុងការអនុវត្តការងាររបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ប្រចាំឆ្នាំ២០២០
នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្របសម្រួលដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារ និងដោះស្រាយបញ្ហាប្រឈមក្នុងការអនុវត្តការងាររបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ប្រចាំឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងគ្រប់នាយកដ្ឋានក្រោមឱវាទអគ្គលេខាធិការដ្ឋាន ព្រមទាំងលោក លោកស្រីប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅតាមរយៈប្រព័ន្ធ Zoom។ កិច្ចប្រជុំប្រចាំឆ្នាំជាមួយមន្ទីរ សហវ រាជធានី-ខេត្ត តែងតែងត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងដើម្បីបូកសរុបនូវវឌ្ឍនភាពការងារដែលមន្ទីរសហវ បានអនុវត្តសម្រេចបានក្នុងឆ្នាំកន្លងទៅ និងដើម្បីទទួលយកនូវសំណូមពរ ព្រមទាំងដោះស្រាយបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងការអនុវត្តការងាររបស់មន្ទីរទាំងក្នុងកិច្ចការងារប្រចាំថ្ងៃ ការងារបុគ្គលិក និងការអនុវត្តថវិកា ដើម្បីធ្វើយ៉ាងណាឱ្យការអនុវត្តមុខងារភារកិច្ចរបស់មន្ទីរសហវ ក្នុងនាមជាតំណាងក្រសួងនៅថ្នាក់មូលដ្ឋាន អាចប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់។