កិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តថវិកាប្រចាំឆ្នាំ២០២០ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តថវិកាប្រចាំឆ្នាំ២០២០ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង, ប្រធានអង្គភាព និងក្រុមការងារថវិកានៃគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទាំងថ្នាក់កណ្ដាល និងថ្នាក់មូលដ្ឋាន។ កិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តថវិកាតែងតែងត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំក្រោមការសម្របសម្រួលបច្ចេកទេស និងធ្វើបទបង្ហាញដោយអគ្គលេខាធិការដ្ឋាន ក្នុងនាមជាក្រុមការងារថវិកាកម្រិតបច្ចេកទេសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយកិច្ចប្រជុំឆ្នាំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងចម្បងៗចំនួន ៣ គឺ ១.) តាមដាន និងរាយការណ៍ជូនថ្នាក់ដឹកនាំក្រសួងពីវឌ្ឍនភាពសម្រេចបានក្នុងឆ្នាំ២០២០ ២.) កំណត់បញ្ហាប្រឈម និងស្នើដាក់ចេញនូវវិធានការដោះស្រាយដើម្បីជំរុញការអនុវត្តថវិកាឆ្នាំបន្ទាប់ និង ៣.) បំពេញតាមលក្ខខណ្ឌតម្រូវនៃបទប្បញ្ញត្តិគតិយុត្តថវិកាកម្មវិធីជាធរមាន។ សូមបញ្ជាក់ជូនផងដែរថា កិច្ចប្រជុំលើកនេះត្រូវបានរៀបចំឡើងតាមរយៈប្រព័ន្ធ Video Conference ដោយចែកជាបន្ទប់ប្រជុំដាច់ដោយឡែកពីគ្នា និងដោយគោរពតាមវិធានការការពារជំងឺកូវីដ ១៩ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលបានយ៉ាងត្រឹមត្រូវ។