កិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តថវិកាប្រចាំឆ្នាំ ២០១៩ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នាព្រឹកថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២០ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ និងជាប្រធានក្រុមការងារថវិកាកម្រិតបច្ចេកទេសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងសហការី បានអញ្ជើញចូលរួម និងសម្របសម្រួលរៀបចំធ្វើបទបង្ហាញនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តថវិកាប្រចាំឆ្នាំ ២០១៩ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង, ប្រធានអង្គភាព និងក្រុមការងារថវិកា នៃគ្រប់អង្គភាពថវិកាក្រោមឱវាទក្រសួងទាំងថ្នាក់កណ្ដាល និងថ្នាក់មូលដ្ឋាន។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង៖
១. តាមដាន និងរាយការណ៍ជូនថ្នាក់ដឹកនាំ អំពីវឌ្ឍនភាពដែលអង្គភាពក្រោមឱវាទក្រសួងសម្រេចបានប្រចាំឆ្នាំ ២០១៩ ដោយផ្ដោតសំខាន់លើទិដ្ឋភាពហិរញ្ញវត្ថុ និងទិដ្ឋភាពសមិទ្ធកម្ម
២.កំណត់បញ្ហាប្រឈម និងស្នើដាក់ចេញនូវវិធានការដោះស្រាយ ដើម្បីជំរុញការអនុវត្តការងារសម្រាប់ឆ្នាំបន្តបន្ទាប់ឱ្យកាន់តែរលូន និងសម្រេចបានតាមគោលដៅដែលបានដាក់ចេញ
៣.បំពេញតាមលក្ខខណ្ឌតម្រូវ នៃបទប្បញ្ញត្តិគិតយុត្តពាក់ព័ន្ធថវិកាជាធរមាន។
ជារួម សម្រាប់ឆ្នាំ ២០១៩ លទ្ធផលនៃការត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តថវិកាកម្មវិធីប្រចាំឆ្នាំ បានបង្ហាញឱ្យឃើញលទ្ធផលជាវិជ្ជមានគួរអោយកត់សម្គាល់ ដែលស្ដែងឡើយតាមរយៈលទ្ធផលនៃការប្រមូលចំណូលជាក់ស្ដែងបានអនុវត្តក្នុងកម្រិតល្អ រីឯកាអនុវត្តចំណាយក៏កាន់តែមានភាពល្អប្រសើរច្រើនជាងឆ្នាំកន្លងទៅ ដោយគ្រប់អង្គភាពថវិកា នៃ កសហវ ទាំងថ្នាក់កណ្ដាល និងមូលដ្ឋាន បានចូលរួមយ៉ាងសស្រាក់សស្រាំលើការងារថវិកាគួរឱ្យកោតសរសើរ តែទន្ទឹមនេះ ក៏មានបញ្ហាមួយចំនួនតូចនៅតែជាកម្មវត្ថុនៃការកែលម្អបន្ថែមទៀត ដើម្បីជំរុញការអនុវត្តថវិកាឱ្យកាន់តែមានភាពរលូន ប្រកបដោយប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព និងអនុលោមតាមបទដ្ឋានគតិយុត្តជាធរមាន។