កិច្ចប្រជុំត្រួតពិនិត្យនិងវាយតម្លៃការអនុវត្តថវិកាកម្មវិធីប្រចាំឆ្នាំ ២០១៧ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នាព្រឹកថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៨ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំកិច្ចប្រជុំត្រួតពិនិត្យនិងវាយតម្លៃការអនុវត្តថវិកាកម្មវិធីប្រចាំឆ្នាំ ២០១៧ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ទេសរដ្ឋមន្ត្រី ដោយមានការចូលរួមពីគ្រប់តំណាងអង្គភាពថវិកាក្រោមឱវាទក្រសួង ទាំងថ្នាក់កណ្ដាល និងថ្នាក់មូលដ្ឋាន។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសម្របសម្រួល និងបូកសរុប ដោយអគ្គលេខាធិការដ្ឋានក្រសួង ក្នុងនាមជាក្រុមការងាថវិកាកម្រិតបច្ចេកទេស និងជាអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុរបស់ក្រសួង ដោយមានគោលបំណងត្រួតពិនិត្យនិងវាយតម្លៃការអនុវត្តថវិកាកម្មវិធីប្រចាំឆ្នាំ ដែលមានវិសាលភាពពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តចំណូល និងចំណាយ (ចរន្ត) នៃថវិការដ្ឋ ព្រមទាំងសមិទ្ធកម្មនៃការអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំ២០១៧ នៃគ្រប់អង្គភាពថវិកា របស់ក្រសួង។ ជារួម តាមរយៈលទ្ធផលនៃការពិនិត្យវាយតម្លៃការអនុវត្តថវិកាក្នុងឆ្នាំ២០១៧ កន្លងទៅនេះ បានបង្ហាញពីលទ្ធផលជាវិជ្ជមាន ក្នុងការប្រមូលចំណូលជាក់ស្តែង បានក្នុងកម្រិតល្អគួរឱ្យកត់សម្គាល់។ ចំណែកការអនុវត្តចំណាយ ក៏កាន់តែមានភាពល្អប្រសើរជាងមុន ដោយគ្រប់អង្គភាពថវិកា បានចូលរួមអនុវត្តយ៉ាងសកម្មក្នុងការជំរុញប្រសិទ្ធភាពនៃការងារថវិការបស់ក្រសួង។