កិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តថវិកាពាក់កណ្តាលឆ្នាំ២០១៦
នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នៅទីស្តីការ ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន និងជាប្រធានក្រុមការងារថវិកាកម្រិតបច្ចេកទេស បានដឹកនាំក្រុម ការងារ ដើម្បីចូលរួម និងធ្វើបទបង្ហាញ សម្រាប់កិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តថវិកាពាក់កណ្តាលឆ្នាំ២០១៦ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំ អង្គភាពថវិកា។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅដោយអគ្គលេខាធិការដ្ឋាន ក្នុងមុខងារជាអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ បានធ្វើការបូកសរុប និងចងក្រងរបាយការណ៍រួម នូវលទ្ធផលនៃការអនុវត្តថវិកាកម្មវិធី ពាក់កណ្តាលឆ្នាំ២០១៦ ទាំងក្នុងទិដ្ឋភាពហិរញ្ញវត្ថុ និងទិដ្ឋភាពសមិទ្ធកម្ម នៃគ្រប់អង្គភាពថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយក៏ជាកិច្ចប្រជុំវាយតម្លៃលើកទី១ បន្ទាប់ពីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ បានចូលរួមអនុវត្តថវិកាកម្មវិធីពេញលេញ នៅក្នុងឆ្នាំ២០១៥។ គោលបំណងចម្បងនៃកិច្ចប្រជុំ គឺដើម្បីតាមដានវឌ្ឍភាពសម្រេចបាន លើការអនុវត្តថវិកាកម្មវិធី, កំណត់នូវបញ្ហាប្រឈម និងដាក់ ចេញនូវវិធានការដោះស្រាយដើម្បីជំរុញការអនុវត្ត ឱ្យសម្រេចបាន តាមគោលដៅដែលបានដាក់ចេញ និងបំពេញតាមលក្ខខណ្ឌតម្រូវ នៃការចរចាកញ្ចប់ថវិកាប្រចាំឆ្នាំ២០១៧ ជាដើម។