កិច្ចប្រជុំក្រុមការងារដឹកនាំការរៀបចំចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ដោយមានការចូលរួមពីសមាជិក ទីប្រឹក្សា អគ្គលេខាធិការរង នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ
នាព្រឹកថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ និងជាអនុប្រធានប្រចាំការនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ទទួលបន្ទុកជាប្រធានក្រុមការងារដឹកនាំរៀបចំឯកសារគោលនយោបាយនិងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា បានដឹកនាំកិច្ចប្រជុំក្រុមការងារដឹកនាំការរៀបចំចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ដោយមានការចូលរួមពីសមាជិក ទីប្រឹក្សា អគ្គលេខាធិការរង នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ព្រមទាំងសមាជិកសមាជិកាក្រុមការងារ ដើម្បីពិនិត្យនិងពិភាក្សា លើរបៀបវារៈសំខាន់ៗចំនួន ០២ គឺ៖
១. ពិភាក្សាលើនីតិវិធីបច្ចេកទេស និងកិច្ចដំណើរការនៃការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយរាជបណ្ឌិត្យសភាកម្ពុជា សម្រាប់រៀបចំឱ្យបានកាន់តែល្អប្រសើរ ជាពិសេសប្រមូលបាននូវការចូលរួមសហការនិងធាតុចូលសំខាន់ៗពាក់ព័ន្ធការរៀបចំសេចក្តីព្រាងឯកសារចក្ខុវិស័យកម្ពុជា ២០៥០។
២. ការរៀបចំឯកសារបទបង្ហាញ វិធីសាស្ត្រ និងការបែងចែកភារកិច្ចសម្រាប់អ្នកទទួលបន្ទុកធ្វើបទបង្ហាញ, ការកំណត់សមាសភាពដែលត្រូវ អញ្ជើញចូលរួម ព្រមទាំងការរៀបចំកិច្ចការរដ្ឋបាលនានា សម្រាប់គាំទ្រដល់កិច្ចដំណើរការនៃអង្គសិក្ខាសាលាពិគ្រោះយោបល់ជាមួយរាជបណ្ឌិត្យសភាកម្ពុជា។