កិច្ចប្រជុំក្រុមការងារថ្នាក់ជាតិចុះឃុំព្រែកតាមាក់, ការចូលរួមពិធីកាន់បិណ្ឌនៅវត្តសិរីសាគរ និងការចុះសួរសុខទុក្ខប្រជាពលរដ្ឋ
ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ នៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះឃុំព្រែកតាមាក់ និងសហការី តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម បានចូលរួមកិច្ចប្រជុំក្រុមការងារថ្នាក់ជាតិចុះឃុំព្រែកតាមាក់ ជាមួយអាជ្ញាធរមូលដ្ឋាន មានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួន រួមមាន៖ ការត្រៀមរៀបចំវេទិកាសាធារណៈនៅទូទាំងឃុំព្រែកតាមាក់, ការគិតគូរលើបញ្ហាអាទិភាព និងរសើបចំនួន៥ ខ្លាំងជាងគេ ដែលនាំឱ្យប៉ះពាល់ដល់ប្រយោជន៍ប្រជាពលរដ្ឋទូទាំងឃុំព្រែកតាមាក់ និងរិះរកវិធានការដោះស្រាយ, ការពិនិត្យលើយន្តការជាក់លាក់ ក្នុងការដោះស្រាយបញ្ហាសេសសល់មួយចំនួន ដែលប្រជាពលរដ្ឋកំពុងជួបប្រទះ ព្រមទាំងស្តាប់នូវសំណូមពរ និងសំណើដំណោះស្រាយមួយចំនួនទៀត ដែលអាជ្ញាធរមូលដ្ឋានបានលើកឡើង ក្នុងគោលបំណងចូលរួមសម្របសម្រួលដោះស្រាយបញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព។
ទន្ទឹមនេះ ឯកឧត្តមអគ្គលេខាធិការ និងក្រុមការងារ ក៏បានចូលរួមពិធីកាន់បិណ្ឌទី៥ នៅវត្តសិរីសាគរ ដោយបាននាំយកថវិកាកសាងវត្ត,ថវិកាមួយចំនួនទៀតសម្រាប់ប្រគេនព្រះសង្ឃ គណៈកម្មការវត្ត អាចារ្យវត្ត យាយជី-តាជី និងទេយ្យវត្ថុផ្សេងៗ ព្រមទាំងឧបត្ថម្ភថវិកាសម្រាប់រៀបចំម្ហូបអាហារ បង្អែម នំចំណីនានា ដើម្បីរួមចំណែកទ្រទ្រង់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមអគ្គលេខាធិការ និងក្រុមការងារ បានអញ្ជើញទៅសួរសុខទុក្ខលោកអនុប្រធានភូមិក្នុង នៃឃុំព្រែកតាមាក់ ដែលជួបគ្រោះថ្នាក់ និងទើបតែចេញពីមន្ទីរពេទ្យ ដើម្បីជាការជួយសម្រាលបន្ទុកនៃការចំណាយនានា លើការព្យាបាល ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់ និងបង្កើនភាពស្និទស្នាល ជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំ ដែលក្រុមការងារថ្នាក់ជាតិចុះឃុំព្រែកតាមាក់ ទទួលបន្ទុកផងដែរ។