Comment are off
កិច្ចប្រជុំការពារគម្រោងផែនការចំណូល-ចំណាយថវិកាឆ្នាំ ២០២១ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នាព្រឹកថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២០ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំកិច្ចប្រជុំពិភាក្សាកម្រិតថ្នាក់ដឹកនាំជាមួយ តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងក្របខណ្ឌថ្នាក់ជាតិ ដែលដឹកនាំដោយឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីការពារគម្រោងផែនការចំណូល-ចំណាយថវិកាឆ្នាំ ២០២១ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងថ្នាក់ដឹកនាំអង្គភាពនិងតំណាងអង្គភាពថវិកាក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទាំងថ្នាក់កណ្ដាល និងថ្នាក់មូលដ្ឋាន។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្រោមការសម្របសម្រួលរបស់អគ្គលេខាធិការដ្ឋាន ក្នុងនាមជាអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ និងជាក្រុមការងារថវិកាកម្រិតបច្ចេកទេសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈចំនួន ៣ គឺ÷
១. បទបង្ហាញស្ដីពីក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈឆ្នាំ ២០២១
២. ផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០២១-២០២៣
៣. ការពិនិត្យពិភាក្សាលម្អិតកម្រិតថ្នាក់ដឹកនាំដើម្បីសម្រេចលើគម្រោងថវិកាឆ្នាំ ២០២១ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានគ្រោង និងដាក់ប្រជុំពិភាក្សាលម្អិតកម្រិតបច្ចេកទេសកាលពីពេលកន្លងទៅថ្មីៗនេះ។
កិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំនេះ នឹងពិនិត្យសម្រេចលើគម្រោងថវិកាឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលនឹងត្រូវដាក់បញ្ចូលក្នុងការរៀបចំច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១ ។