កិច្ចប្រជុំកម្រិតបច្ចេកទេសដើម្បីពិនិត្យពិភាក្សាលើការរៀបចំការពិពណ៌នាមុខតំណែងគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, អគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំកម្រិតបច្ចេកទេសដើម្បីពិនិត្យពិភាក្សាលើការរៀបចំការពិពណ៌នាមុខតំណែងគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅតាមរយៈការសម្របសម្រួលរបស់លោកប្រធាននាយកដ្ឋានបុគ្គលិក ដោយមានការចូលរួមពីតំណាងអគ្គនាយកដ្ឋាន និងអង្គភាព ដែលទើបបានកែសម្រួលរចនាសម្ព័ន្ធ និងអង្គការលេខថ្មី ដោយធ្វើការពិភាក្សាកម្រិតជំនាញជាមួយមួយអង្គភាពម្តងៗ សំដៅធានាឱ្យការរៀបចំកម្រងឯកសារពិពណ៌នាមុខតំណែងរបស់អង្គភាព មានភាពត្រឹមត្រូវស្របតាមស្ថានភាព និងរចនាសម្ព័ន្ធគ្រប់គ្រងជាក់ស្តែង មុននឹងបញ្ជូនទៅក្រសួងមុខងារសាធារណៈ ដើម្បីចូលរួមពង្រឹងដល់ការកំណត់តួនាទី ភារកិច្ច និងការទទួលខុសត្រូវ ព្រមទាំងលក្ខណៈសម្បត្តិសមស្របសម្រាប់កាន់មុខដំណែងក្នុងរចនាសម្ព័ន្ធ ដែលជាផ្នែកសំខាន់នៅក្នុងការកែទម្រង់ធនធានមនុស្សរបស់ស្ថាប័ន។ ជារួម ការពណ៌នាមុខដំណែងគឺមានសារៈសំខាន់ក្នុងការគាំទ្រដល់ការដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងគុណផល ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ជាពិសេសធានាដល់ការជ្រើសរើសមន្ត្រីរាជការ ឱ្យត្រូវចំជំនាញ និងទីកន្លែងបំពេញភារកិច្ច ថែមទាំងរៀបចំផែនការអភិវឌ្ឍសមត្ថភាព និងផែនការបន្តវេនច្បាស់លាស់ ក៏ដូចជាគាំទ្រដល់គណនេយ្យភាពសមិទ្ធកម្ម ឆ្លើយតបទៅនឹងបរិបទនៃកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ ជាមួយនឹងកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងការផ្សារភ្ជាប់ទៅនឹងកម្មវិធីកែទម្រង់ដទៃទៀត។