កិច្ចជួបពិភាក្សាជាមួយនឹងលោក ហឺ លីពីង អគ្គនាយកក្រុមហ៊ុន CFOCN និង សហការីអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងអ៊ីនត្រាណិតរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមការងារគម្រោង អ៊ីនត្រាណិត បានទទួលជួបពិភាក្សាជាមួយនឹងលោក ហឺ លីពីង អគ្គនាយកក្រុមហ៊ុន CFOCN និង សហការីអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងអ៊ីនត្រាណិតរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ការត្រៀមរៀបចំពិធីប្រកាសជាផ្លូវការនៃការដាក់ឱ្យប្រើប្រាស់បណ្ដាញអ៊ីនត្រាណិតជំហានទី១ នៅដើមខែ ធ្នូ ឆ្នាំ ២០២០ ខាងមុខនេះ ព្រមទាំងពិភាក្សាអំពីការត្រៀមរៀបចំការប្រកាសដាក់ឱ្យអនុវត្តគម្រោងអ៊ីនត្រាណិតជំហានទី២ ដែលនឹងគ្រោងប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ សូមគូសបញ្ជាក់ថា គម្រោងអ៊ីនត្រាណិតរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជំហានទី ១ មានការដ្ឋានចំនួន ១៦៥ ត្រូវបានដាក់ឱ្យប្រើប្រាស់សាកល្បងជាបន្តបន្ទាប់ចាប់តាំងពីខែ កក្កដា ឆ្នាំ ២០២០ ជាមួយនឹងសេវានានារបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមមាន ប្រព័ន្ធ FMIS, ប្រព័ន្ធគ្រប់គ្រងចំណូលពន្ធដារនានារបស់អគ្គនាយកដ្ឋានពន្ធដារ, ប្រព័ន្ធគ្រប់គ្រងការប្រមូលពន្ធគយ, ប្រព័ន្ធ CamDX។ ជាពិសេស ប្រព័ន្ធនេះបានចូលរួមចំណែកយ៉ាងខ្លាំងលើយុទ្ធសាស្ត្ររបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការទប់ទល់ទៅនឹងការរាតត្បាតនៃជម្ងឺផ្លូវដង្ហើមធ្ងន់ធ្ងរ កូវីដ-១៩ តាមរយៈការបន្តនីរន្តរភាពការងាររបស់ខ្លួនជាប្រក្រតី និង កាន់តែមមាញឹកលើការងារប្រចាំថ្ងៃ និង ការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដែលក្នុងនោះបណ្ដាញអ៊ីនត្រាណិត បានក្លាយជាឆ្នឹងខ្នងសម្រាប់បណ្ដាញ Video Conference ដែលបានដាក់ឱ្យដំណើរការសម្រាប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួង-ស្ថាប័នទាំងអស់ដែលជាការដ្ឋាននៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ តាមរយៈបណ្ដាញដ៏ធំនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងធ្វើការពង្រីកសេវា និង ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននានាជាច្រើនទៀត ដើម្បីរួមចំណែកដល់ការពង្រឹង និង ពង្រីកសេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព និង គុណភាពប្រកបដោយបរិយាបន្ន ។ក្នុងជំនួបនេះ តំណាងក្រុមហ៊ុន CFOCN បានប្ដេជ្ញាចិត្តក្នុងការបន្តចូលរួមចំណែកជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការស្ថាបនាបណ្ដាញអ៊ីនត្រាណិតនេះឱ្យសម្រេចតាមគោលដៅដែលបានគ្រោងទុក ទោះបីជាមានឧបសគ្គធំៗមួយចំនួនដោយសារវិបត្តិកូវីដ-១៩ ក៏ដោយ ។ ចុងបញ្ចប់នៃកិច្ចជំនួបប្រជុំនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណដល់ក្រុមហ៊ុន CFOCN និង ជាពិសេសចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារទាំងអស់របស់គម្រោងបណ្ដាញអ៊ីនត្រាណិត ដែលបានខិតខំអស់ពីកម្លាំងកាយចិត្តដើម្បីសម្រេចឱ្យបានតាមគោលដៅដែលបានកំណត់ក្នុងផែនការអនុវត្តគម្រោងអ៊ីនត្រាណិត។