ការអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ចាម
មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ចាម, រសៀលថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ ២០១៧
បន្ទាប់ពីបិទបញ្ចប់ជាស្ថាពរនូវអង្គវិបស្សនា ជាមួយគ្រប់អង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ,ក្នុងនាមអគ្គលេខាធិការដ្ឋាន បំពេញមុខងារជាសេនាធិការជូនក្រសួង លើការងារសម្របសម្រួលគាំទ្រដល់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត, ឯកឧត្តមអគ្គលេខាធិការ និងសហការី នៃអគ្គលេខាធិការដ្ឋាន បានឆ្លៀតឱកាសអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ចាម។ បន្ទាប់ពីបានស្តាប់នូវវឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំណូមពរមួយចំនួន ដែលលោកស្រីប្រធានមន្ទីរ និងសហការី បានលើកឡើង, ឯកឧត្តមអគ្គលេខាធិការ និង ឯកឧត្តមអគ្គលេខាធិការរង បានធ្វើការវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារដែលមន្ទីរបានខិតខំកសាងកន្លងមក និងបានផ្តល់នូវអនុសាសន៍ជាប្រទីបបង្ហាញផ្លូវមួយចំនួន ក្នុងការពង្រឹងការងារមន្ទីរឱ្យកាន់តែមានប្រសិទ្ធភាព និងលើកទឹកចិត្តដល់មន្ទីរឱ្យបន្តខិតខំបំពេញមុខងាររបស់ខ្លួន ឱ្យបានកាន់តែសកម្មបន្ថែមទៀត ជាពិសេស អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវអភិក្រមការងារដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលិខិតបទដ្ឋាន និងគោលការណ៍ណែនាំនានា ដែលក្រសួង បានដាក់ចេញ ដើម្បីគាំទ្រដល់ការសម្រេចឱ្យបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយអគ្គលេខាធិការដ្ឋាននឹងបន្តសហការគាំទ្រយ៉ាងពេញទំហឹងដល់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំងអស់។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គលេខាធិការ ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ចាម ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ក្នុងនាមជាម្ចាស់ផ្ទះ ក្នុងការសម្របសម្រួលគាំទ្រដល់ការរៀបចំអង្គវិបស្សនារយៈពេល ០២ ថ្ងៃនេះ រហូតទទួលបានលទ្ធផលជាផ្លែផ្កា តាមការគ្រោងទុក។