ការអញ្ជើញជូនដំណើរមាតុភូមិនិវត្តន៍របស់គណៈប្រតិភូជាន់ខ្ពស់ នៃក្រសួងហិរញ្ញវត្ថុ នៃសាធារណៈរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ដឹកនាំដោយ ឯកឧត្តម Somdy Duangdy ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ដោយអញ្ជើញចេញដំណើរពីរាជធានីភ្នំពេញ ទៅកាន់រដ្ឋធានីវៀងច័ន្ទ
កាលពីល្ងាចថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៧ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ, ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញជូនដំណើរមាតុភូមិនិវត្តន៍របស់គណៈប្រតិភូជាន់ខ្ពស់ នៃក្រសួងហិរញ្ញវត្ថុ នៃសាធារណៈរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ដឹកនាំដោយ ឯកឧត្តម Somdy Duangdy ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ដោយអញ្ជើញចេញដំណើរពីរាជធានីភ្នំពេញ ទៅកាន់រដ្ឋធានីវៀងច័ន្ទ នៅវេលាម៉ោង ១៧ : ៥០ នាទី បន្ទាប់ពីគណៈប្រតិភូបានមកបំពេញទស្សនកិច្ចសិក្សាផ្លូវរដ្ឋ ដើម្បីស្វែងយល់ ពិគ្រោះយោបល់ និង ផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក លើការងារគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅកម្ពុជា តាំងពីថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០១៧ មក។ នៅក្នុងដំណើរទស្សនកិច្ចរយៈពេល ០៤ ថ្ងៃនេះ គណៈប្រតិភូឡាវបានសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅរបស់ភាគីកម្ពុជា និងបានបង្ហាញនូវអំណរសាទរប្រកបដោយសេចក្តីសោមនស្ស ចំពោះការសម្រេចបានជោគជ័យយ៉ាងត្រចេះត្រចង់ និង ទទួលបានបទពិសោធន៍ល្អៗពីកម្ពុជា ដូចការគ្រោងទុក។