ការរៀបចំយន្តការ និងនីតិវិធីនៃការបង្កើតការិយាល័យច្រកចេញចូលតែមួយ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្
នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ប្រតិបត្តិតាមការប្រគល់សិទ្ធិក្នុងការដឹកនាំកិច្ចប្រជុំជំនួសពីឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន បានដឹកនាំសម្របសម្រួលកិច្ចប្រជុំពិភាក្សា លើការរៀបចំយន្តការ និងនីតិវិធីនៃការបង្កើតការិយាល័យច្រកចេញចូលតែមួយ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានសមាសភាពចូលរួមពីតំណាងអគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង ដែលមានតួនាទីផ្តល់សេវាសាធារណៈ និងមានទីតាំងអគារនៅក្នុងបរិវេណនៃទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ការបង្កើតច្រកចេញចូលតែមួយនេះ មានគោលដៅបម្រើផលប្រយោជន៍សាធារណៈ តាមរយៈការផ្តល់ភាពកាន់តែងាយស្រួលដល់សាធារណជន ទាំងរូបវន្តបុគ្គល និងនីតិបុគ្គល ដែលមកទទួលសេវាសាធារណៈផ្សេងៗ និងជាសមត្ថកិច្ចអង្គភាពផ្តល់សេវាក្នុងទីស្តីការក្រសួង។