ការពិនិត្យពិភាក្សា កែលម្អ និងប្រមូលធាតុចូលបន្ថែម លើរបាយការណ៍ស្តីពីការសិក្សាស្រាវជ្រាវលើឧស្សាហកម្មផលិតស៊ីម៉ង់ត៍ និងអាករពិសេសលើផលិតផលស៊ីម៉ង់ត៍
នារសៀលថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារសិក្សាអំពីឧស្សាហកម្មផលិតស៊ីម៉ង់ត៍ បានដឹកនាំប្រជុំជាមួយសមាជិកនៃក្រុមការងារ ដើម្បីពិនិត្យពិភាក្សា កែលម្អ និងប្រមូលធាតុចូលបន្ថែម លើរបាយការណ៍ស្តីពីការសិក្សាស្រាវជ្រាវលើឧស្សាហកម្មផលិតស៊ីម៉ង់ត៍ និងអាករពិសេសលើផលិតផលស៊ីម៉ង់ត៍ ក្រោយពីបានពិគ្រោះយោបល់ជាមួយអគ្គនាយកដ្ឋានពាក់ព័ន្ធ ជាពិសេសអគ្គនាយកដ្ឋានគោលនយោបាយ, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងការពិភាក្សាជាមួយក្រុមហ៊ុនផលិតស៊ីម៉ង់ត៍ក្នុងស្រុកចំនួន ៤។ ការសិក្សាស្រាវជ្រាវនេះ មានគោលបំណងស្វែងយល់ពីស្ថានភាពនៃឧស្សាហកម្មផលិតស៊ីម៉ង់ត៍, ការដាក់អាករពិសេស និងផលប៉ះពាល់មកលើផលិតកម្មស៊ីម៉ង់ត៍ក្នុងស្រុក ដើម្បីធានាបាននូវឧត្តមភាពប្រកួតប្រជែងរបស់ផលិតកម្មស៊ីម៉ង់ត៍ក្នុងស្រុក ជំនួសឱ្យការនាំចូល និងអាចរក្សាបានចំណូលរបស់ជាតិ។ ការសិក្សានេះ ត្រូវបានរៀបចំតាមរយៈការពិនិត្យលើទិដ្ឋភាពគោលនយោបាយពន្ធ, តម្រូវការ និងការផ្គត់ផ្គង់ផលិតផលស៊ីម៉ង់ត៍របស់កម្ពុជា, ឧត្តមភាពនៃការប្រកួតប្រជែងរបស់ក្រុមហ៊ុនផលិតស៊ីម៉ង់ត៍ក្នុងស្រុក, ការវិភាគចំណេញខាតនៃការដាក់អាករពិសេសលើផលិតផលស៊ីម៉ង់ត៍ និងការកំណត់យកនូវជម្រើសគោលនយោបាយមួយចំនួន។ ទន្ទឹមនេះ ការវិភាគនៃជម្រើសគោលនយោបាយនីមួយៗ ត្រូវបានផ្តោតលើចក្ខុវិស័យ និងគោលបំណងរដ្ឋាភិបាល, សន្និទានកម្ម, ផលវិជ្ជមាន និងអវិជ្ជមាននានា ទាក់ទិននឹងគោលនយោបាយអាករពិសេសលើផលិតផលស៊ីម៉ង់ត៍ ចំពោះសេដ្ឋកិច្ច, រដ្ឋាភិបាល និងវិនិយោគិន។