ការប្រគល់ប័ណ្ណសរសើរ ជូនដល់និវត្តជន ដែលជាអតីតមន្ត្រីរាជការ នៃគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នារសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, បន្ទាប់ពីកិច្ចប្រជុំផ្សព្វផ្សាយប្រព័ន្ធគ្រប់គ្រងបុគ្គលិកមន្ត្រីរាជការក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតាមប្រព័ន្ធព័ត៌មានវិទ្យា បានបញ្ចប់, ដោយប្រតិបត្តិតាមការណែនាំ និងប្រគល់សិទ្ធិដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឆ្លៀតឱកាសប្រគល់ប័ណ្ណសរសើរ ជូនដល់និវត្តជន ដែលជាអតីតមន្ត្រីរាជការ នៃគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ សកម្មភាពនេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់របស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏ដូចជាក្រសួងទាំងមូល ក្នុងការរំលឹកចំពោះគុណបំណាច់ និងស្នាដៃឆ្នើម របស់និវត្តជនទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការបម្រើការងារជូនក្រសួង ប្រកបដោយឆន្ទៈមោះមុត នាពេលកន្លងមក ក៏ដូចជាចាត់ទុកជារង្វាន់លើកទឹកចិត្តដល់ពួកគាត់ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលកៀកនឹងចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។ សូមបញ្ជាក់ផងដែរថា ការផ្តល់ប័ណ្ណសរសើរ មិនមែនសម្រាប់តែមន្ត្រីចូលនិវត្តន៍របស់ក្រសួង នាឱកាសនេះទេ ពោលគឺក្រសួង បានរៀបចំគោលការណ៍ផ្តល់ប័ណ្ណសរសើរជូនដល់មន្ត្រី ក្រោមឱវាទក្រសួង រាល់រូប ដែលមានគុណបំណាច់ និងស្នាដៃឆ្នើមជូនក្រសួង តាមរយៈការចូលរួមគាំទ្រសម្រេចបាននូវគោលបំណងគោលនយោបាយរបស់ក្រសួង ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ហើយប័ណ្ណសរសើរនេះទៀតសោត គឺជាភស្តុតាងបញ្ជាក់ពីគុណូបក្ការៈរបស់មន្ត្រីម្នាក់ៗ សម្រាប់បង្ហាញជូនកូនចៅជំនាន់ក្រោយរបស់ពួកគាត់ផងដែរ។