ការប្រកាសដាក់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ហៅកាត់ថា FMIS ឱ្យប្រើប្រាស់ជាផ្លូវការ នៅក្រសួងចំនួន ១០ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
នាព្រឹកថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០១៨ នៅសណ្ឋាគារសូហ្វីតែលភូគីត្រា រាជធានីភ្នំពេញ, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានប្រកាសដាក់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ហៅកាត់ថា FMIS ឱ្យប្រើប្រាស់ជាផ្លូវការ នៅក្រសួងចំនួន ១០ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS និងមានការចូលរួមពីឯកឧត្តម Geoge Edgar ឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុប និងជាតំណាងរបស់ដៃគូអភិវឌ្ឍន៍ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីក្រសួង-ស្ថាប័នសរុបជាង ៤០០ នាក់។ ក្នុងឱកាសនោះដែរ ក្រសួងក៏បានប្រកាសពីការបន្តពង្រីកការប្រើប្រាស់ប្រព័ន្ធ FMIS ទៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ្រប់រាជធានី-ខេត្តទូទាំងប្រទេស និង សមាសភាពក្រសួង-ស្ថាប័នចំនួន ១០ ផ្សេងទៀត ដែលនឹងចាប់ផ្ដើមប្រើប្រាស់ប្រព័ន្ធ FMIS សាកល្បងក្នុងឆ្នាំ ២០១៨ នេះ។