ការបើកសិក្ខាសាលាស្ដីពី “នីតិវិធីអនុវត្តថវិកាកម្មវិធី, ការរៀបចំបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ និង ប្រកាសដាក់ឱ្យប្រើប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យាពត៌មាន” ជូនមន្ត្រីនគរបាលជាតិចំនួន ៣៨៧ នាក់ មកពីអង្គភាពជំនាញថ្នាក់កណ្តាល និង ថ្នាក់មូលដ្ឋាន ផ្នែកសន្តិសុខសាធារណៈ នៃក្រសួងមហាផ្ទៃ
នាព្រឹកថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៧ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានសហការជាមួយក្រសួងមហាផ្ទៃរៀបចំបើកសិក្ខាសាលាស្ដីពី “នីតិវិធីអនុវត្តថវិកាកម្មវិធី, ការរៀបចំបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ និង ប្រកាសដាក់ឱ្យប្រើប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យាពត៌មាន” ជូនមន្ត្រីនគរបាលជាតិចំនួន ៣៨៧ នាក់ មកពីអង្គភាពជំនាញថ្នាក់កណ្តាល និង ថ្នាក់មូលដ្ឋាន ផ្នែកសន្តិសុខសាធារណៈ នៃក្រសួងមហាផ្ទៃ។ ពិធីបើកសិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ឯកឧត្តម ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ សិក្ខាសាលារយៈពេល ៣ ថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងពង្រីកសមត្ថភាព និងលើកកម្ពស់ការយល់ដឹងរបស់មន្រ្តីនគរបាលជាតិ អំពីនីតិវិធីអនុវត្តថវិកាកម្មវិធី និង ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ក្នុងក្របខណ្ឌការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី ៣ សំដៅផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ឱ្យសម្រេចបានជោគជ័យ ដែលជានិច្ចកាលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តែងយកចិត្តទុកដាក់លើការបណ្តុះណ្តាលនិងវិក្រឹតការសមត្ថភាព លើជំនាញការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជូនដល់គ្រប់ក្រសួង-ស្ថាប័ន និងអង្គភាពពាក់ព័ន្ធរបស់ក្រសួងខ្លួនឯងផងដែរ។