ការបើកសិក្ខាសាលាបណ្តុះបណ្តាលមួយស្តីពី “នីតិវិធីរៀបចំ និង អនុវត្តថវិកាសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ” ជូនមន្ត្រី រាជការ ១៨៧ នាក់
នាព្រឹកថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅសណ្ឋាគារអេមព្រីសអង្គរ ខេត្តសៀមរាប, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានបើកសិក្ខាសាលាបណ្តុះបណ្តាលមួយស្តីពី “នីតិវិធីរៀបចំ និង អនុវត្តថវិកាសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ” ជូនមន្ត្រី រាជការ ១៨៧ នាក់ របស់រដ្ឋបាលក្រុង ស្រុក នៃខេត្តចំនួន ៥ រួមមាន ខេត្តសៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងកំពង់ធំ ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារកសាងសមត្ថភាពនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហការរៀបចំឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោម ជាតិនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ សិក្ខាសាលានេះ មានគោលបំណងពង្រឹងពង្រីកសមត្ថភាព និង លើកកម្ពស់ការយល់ដឹងដល់សិក្ខាកាមទាំងអស់ ពាក់ព័ន្ធនឹងការចូលរួមអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ របស់រាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព។