ការបើកវគ្គបណ្តុះបណ្តាលលើជំនាញវិជ្ជាជីវៈគណនេយ្យ Diploma in Accounting តាមកម្មវិធីសិក្សារបស់ ACCA Global
ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំបើកវគ្គបណ្តុះបណ្តាលលើជំនាញវិជ្ជាជីវៈគណនេយ្យ Diploma in Accounting តាមកម្មវិធីសិក្សារបស់ ACCA Global ក្នុងគោលដៅលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈគណនេយ្យ ស្របតាមស្តង់ដារគណនេយ្យអន្តរជាតិ ជូនដល់សិក្ខាកាមគោលដៅ ដែលជាមន្ត្រីរាជការជំនាញទទួលបន្ទុកការងារពាក់ព័ន្ធគណនេយ្យសាធារណៈ សរុបចំនួន ៣០ នាក់ មកពីអគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន និងអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់ចូលរួមចំណែកក្នុងការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ពិធីប្រកាសបើកវគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពប្រចាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមនឹងតំណាង ACCA Cambodia ។ វគ្គបណ្តុះបណ្តាលខាងលើនេះ ត្រូវបានរៀបចំឡើងតាមរយៈកិច្ចសហការរវាងវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយគឺជាកម្មវិធីសិក្សាផ្នែកគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម ដែលបានបង្កើតឡើងដោយស្ថាប័ន ACCA (Association of Chartered Certified Accountings), កម្មវិធីសិក្សាកម្រិតអន្តរជាតិនេះពិតជាមានសារៈសំខាន់សម្រាប់មន្ត្រីរាជការជំនាញគណនេយ្យ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការបង្កើតចំណេះដឹង និង បទពិសោធន៍ លើវីជ្ជាជីវៈគណនេយ្យដែលមានស្តង់ដារទទួលស្គាល់កម្រិតអន្តរជាតិ ។