Comment are off
ការបញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធ FMIS” ជូនថ្នាក់ដឹកនាំ នៃអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្តាលបន្ថែមថ្មីចំនួន ១១ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្
នាព្រឹកថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០២១ ក្រុមការងារគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) បានរៀបចំកម្មវិធី “ការបញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធ FMIS” ជូនថ្នាក់ដឹកនាំ នៃអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្តាលបន្ថែមថ្មីចំនួន ១១ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ កម្មវិធីនេះ ដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តី មកពីអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ នៅថ្នាក់កណ្តាលបន្ថែមថ្មីចំនួន ៩១ រូប ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានមានប្រសាសន៍ថា បើទោះបីជាសាកលលោក រួមទាំងព្រះរាជាណាចក្រកម្ពុជាយើង កំពុងតែជួបប្រទះនូវវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩ ក៏រាជរដ្ឋាភិបាល មិនបានរាថយ ឬ បន្ថយល្បឿនក្នុងការងារកែទម្រង់ និងការអនុវត្តនូវគោលនយោបាយអភិវឌ្ឍប្រទេសជាតិ និង សង្គមនោះឡើយ; ផ្ទុយទៅវិញ រាជរដ្ឋាភិបាលមានតែខិតខំក្នុងការបង្កើតនូវកាលានុវត្តភាពថ្មីៗចេញពីវិបត្តិនេះ សម្រាប់ជាការជំរុញកិច្ចការងារនានា ឱ្យកាន់តែសកម្មឡើង ដើម្បីរក្សាឱ្យបាននូវលំនឹងសេដ្ឋកិច្ច និង ព្យាយាមរក្សានូវកំណើនប្រកបដោយចីរភាពសម្រាប់រយៈពេលវែង ស្របពេលនឹងការទប់ទល់ទៅនឹងវិបត្តិសកលនេះ ប្រកបដោយភាពជឿជាក់ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ពីតួនាទីសំខាន់ និងមិនអាចខ្វះបានរបស់ប្រព័ន្ធ FMIS នៅក្នុងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅគ្រប់ដំណាក់កាល ព្រមទាំងក្នុង “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥” ក្នុងការចូលរួមចំណែកជាមូលដ្ឋានសម្រាប់ឈានឆ្ពោះទៅរកការកសាងនិងអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ឱ្យសម្រេចបានតាមគោលដៅ ដើម្បីប្រជែងឈ្នះជាមួយបណ្តាប្រទេសក្នុងតំបន់ និង អន្តរជាតិ ៕