ការទទួលជួបពិភាក្សាការងារជាមួយលោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយលោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata នៅថ្ងៃពុធ ៦កើត ខែចេត្រ ឆ្នាំច ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោក Thomas Hundt បានជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីសកម្មភាពធុរកិច្ចរបស់ក្រុមហ៊ុន Smart Axiata ដែលបានវិនិយោគប្រមាណជាង ១.៤ ពាន់លាន ដុល្លារអាមេរិក ពីឆ្នាំ ២០០៨ ដល់ ២០១៨ ហើយដែលបានផ្តល់ការតភ្ជាប់ឌីជីថលរហូតដល់ ៩៨.៧%, មានអ្នកប្រើប្រាស់ដល់ ៧.៥ លាននាក់, គ្របដណ្តប់ ២៥ ខេត្តក្រុង, និងផ្តល់ការងារជាង ១,០០០ នាក់ ។ លោក Thomas Hundt បានបញ្ជក់ផងដែរថា ក្រុមហ៊ុនSmart Axiata នឹងបន្តវិនិយោគបន្ថែម មិនត្រឹមតែក្នុងវិស័យទូរគមនាគមន៍ប៉ុណ្ណោះទេ បន្តែថែមទាំងពង្រីកសកម្មភាពធុរកិច្ចផ្សេងទៀត ក្នុងវិស័យឌីជីថល ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងផ្តល់អាទិភាពផងដែរដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និងបន្តគាំទ្រដល់ការបង្កើតបរិស្ថានសម្រាប់ការរីកលូតលាស់វិស័យឌីជីថល។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុន Smart Axiata បន្តវិនិយោគ និង ផ្តល់ការគាំទ្របន្ថែមដល់ការបង្កើតធុរកិច្ចថ្មីៗ ផ្អែកលើបច្ចេកវិទ្យា (ឬ Tech-Startup) ។
ប្រភព៖ ហ្វេសប៊ុកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ