ការជួបសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំដល់ក្រុមនិស្សិតកម្ពុជា ដែលទទួលបានអាហារូបករណ៍កម្មវិធី Chevening ពីរដ្ឋាភិបាលនៃចក្រភពអង់គ្លេស សម្រាប់ឆ្នាំសិក្សា ២០១៧-២០១៨
នាព្រឹកថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៧ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទទួលជួបសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំដល់ក្រុមនិស្សិតកម្ពុជា ដែលទទួលបានអាហារូបករណ៍កម្មវិធី Chevening ពីរដ្ឋាភិបាលនៃចក្រភពអង់គ្លេស សម្រាប់ឆ្នាំសិក្សា ២០១៧-២០១៨។ ជំនួបនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងអបអរសាទរ ផ្តល់អនុសាសន៍ផ្តាំផ្ញើ និងចែករំលែកបទពិសោធន៍ល្អៗ ក៏ដូចជា ផ្តល់ការលើកទឹកចិត្តសម្រាប់ជូនក្រុមនិស្សិតឱ្យត្រៀមលក្ខណៈបានកាន់តែល្អប្រសើរ ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើមុខជំនាញខុសៗគ្នា នៅបណ្តាសាកលវិទ្យាល័យផ្សេងៗគ្នា នៃចក្រភពអង់គ្លេស។ ជាមួយគ្នានេះ ក្រុមនិស្សិតកម្ពុជាក៏បានទទួលថវិកាឧបត្ថម្ភលើកទឹកចិត្តរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី ហើយ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ក៏បានផ្តល់ជូនសៀវភៅមួយចំនួនពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់ចូលរួមជាវិភាគទានពុទ្ធិដល់ប្អូនៗនិស្សិត សម្រាប់ត្រៀមចេញដំណើរឱ្យបានកាន់តែពេញលក្ខណៈបន្ថែមទៀត។