ការជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលមានមុខរបរជាអ្នករត់ម៉ូតូឌុប និងម៉ូតូកង់បី រស់នៅក្នុងឃុំព្រែកតាមាក់
បរិវេណវត្តសិរីសាគរ នៃឃុំព្រែកតាមាក់, ថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៨
អគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំព្រែកតាមាក់ បាន ជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលមានមុខរបរជាអ្នករត់ម៉ូតូឌុប និងម៉ូតូកង់បី រស់នៅក្នុងឃុំព្រែកតាមាក់ ដើម្បីបង្កើនភាពស្និទ្ធស្នាល ក៏ដូចជាផ្សារភ្ជាប់ទំនាក់ទំនងឱ្យបានកាន់តែល្អប្រសើរ រវាងក្រុមការងារថ្នាក់ជាតិជាមួយប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន។ ឆ្លៀតក្នុងឱកាសនេះ ក្រុមការងារថ្នាកជាតិក៏បានបរិយាយផ្សព្វផ្សាយជូនសមាជិកចូលរួម អំពីយុទ្ធសាស្ត្រ និងគោលនយោបាយសំខាន់ៗនានា ទើបបានដាក់ចេញនាពេលកន្លងមក សំដៅឱ្យប្រជាពលរដ្ឋបានយល់ជ្រួតជ្រាបអំពីសមិទ្ធផលថ្មីៗរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ខិតខំសម្រេចបាន ព្រមទាំងអត្ថប្រយោជន៍ដែលប្រជាពលរដ្ឋទទួលបាន តាមរយៈឆន្ទៈនៃការលើកស្ទួយជីវភាពប្រជាជនរបស់រាជរដ្ឋាភិបាល។ ជាក់ស្តែង វេទិកានេះក៏ជាឱកាសសម្រាប់បងប្អូនអ្នករត់ម៉ូតូឌុប និងម៉ូតូកង់បី លើកជាមតិយោបល់ សំណូមពរ និងបញ្ហាប្រឈមនានា ដែលបានជួបប្រទះក្នុងជីវភាពរស់នៅ និងមុខរបររកស៊ីប្រចាំថ្ងៃ សម្រាប់ក្រុមការងារថ្នាក់ជាតិមានមូលដ្ឋានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ អាចសម្របសម្រួលគាំទ្រ និងពិនិត្យលទ្ធភាពដោះស្រាយជូន បានដោយរលូននិងទាន់ពេលវេលា។