ការជូនបាច់ផ្កា និងវត្ថុអនុស្សាវរីយ៍ ដល់លោកស្រី លី ធីតា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តកំពង់ចាម
នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ, ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំពិភាក្សារៀបចំគិតគូរពីផែនការការងារដែលត្រូវអនុវត្តបន្តរវាងអគ្គលេខាធិការដ្ឋាន និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ទូទាំងប្រទេស, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អមដោយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋាន ព្រមជាមួយថ្នាក់ដឹកនាំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានជូនបាច់ផ្កា និងវត្ថុអនុស្សាវរីយ៍ ដល់លោកស្រី លី ធីតា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តកំពង់ចាម ដែលលោកស្រី ត្រៀមនឹងដល់អាយុចូលនិវត្តន៍ នាពេលដ៏ខ្លីខាងមុខ។ សកម្មភាពនេះ សំដៅលើកកម្ពស់មន្ត្រីរាជការជាស្ត្រីក្រោមឱវាទក្រសួង ដែលមានឆន្ទៈមោះមុតខិតខំបម្រើប្រជាជន អស់ជាច្រើនឆ្នាំ ក៏ដូចជាចូលរួមចំណែកអភិវឌ្ឍវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្នាក់មូលដ្ឋាន។ ទន្ទឹមនេះអគ្គលេខាធិការដ្ឋានសូមធ្វើការវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារដែលលោកស្រីបានដឹកនាំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាពេលកន្លងមក និងបង្ហាញពីការដឹងគុណចំពោះលោកស្រី ដែលបានផ្តល់កិច្ចសហការការងារ យ៉ាងពេញទំហឹង និងប្រកបដោយទំនួលខុសត្រូវ។