កម្មវិធី “បញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ជូនរដ្ឋបាលរាជធានី-ខេត្ត ទាំង២៥”
នាព្រឹកថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២១, នៅលើប្រព័ន្ធសន្និសីទវីដេអូ Zoom, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកម្មវិធី “បញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ជូនរដ្ឋបាលរាជធានី-ខេត្ត ទាំង២៥” ។ កម្មវិធីនេះ មានគោលដៅទទួលស្វាគមន៍នូវការចូលរួមអនុវត្តគម្រោង FMIS របស់រដ្ឋបាលរាជធានី-ខេត្ត ទាំង២៥ សម្រាប់ក្របខណ្ឌគម្រោង FMIS ជំហានទី៣ ជាមួយនឹងការបញ្ជ្រាបការយល់ដឹងបឋមអំពីគម្រោងនិងប្រព័ន្ធ FMIS ក៏ដូចជាការបើកផ្លូវសម្រាប់ការអនុវត្តសកម្មភាពនានាបន្តទៀត ដើម្បីត្រៀមខ្លួនប្រើប្រាស់ប្រព័ន្ធ FMIS ជាផ្លូវការនៅដើមឆ្នាំ ២០២២ ខាងមុខ សម្រាប់ការកត់ត្រា តាមដាន និង គ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុសាធារណៈរបស់ខ្លួន ។កម្មវិធីបញ្រ្ជាបការយល់ដឹងនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការចូលរួមដោយឯកឧត្តម លោកជំទាវតំណាងសាលារាជធានី-ខេត្ត ថ្នាក់ដឹកនាំ និង មន្រ្តីនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត និង រតនាគាររាជធានី-ខេត្ត ព្រមទាំងសមាជិកក្រុមការងារគ្រប់គ្រងគម្រោង FMIS សរុបប្រមាណ ២០០ រូប ។ថ្លែងក្នុងពិធីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា ការពង្រីកការប្រើប្រាស់ប្រព័ន្ធ FMIS ជាមួយរដ្ឋបាលរាជធានី-ខេត្ត ទាំង២៥ នេះ នឹងធ្វើឱ្យរដ្ឋបាលរាជធានី-ខេត្ត មានមូលដ្ឋានច្បាស់លាស់ក្នុងការរៀបចំនិងអនុវត្តថវិកាឱ្យកាន់តែសមស្របតាមកម្មវិធី និង គោលនយោបាយរបស់រាជរដ្ឋាភិបាល, កាន់តែ បានលឿនជាងមុន, មានវិន័យ, មានមូលដ្ឋានច្បាស់លាស់, មានគណនេយ្យភាពនិងតម្លាភាពចំពោះការអនុវត្តថវិកា និង ចាយចំគោលដៅប្រកបដោយប្រសិទ្ធភាព និង ភាពស័ក្តិសិទ្ធ ដើម្បីសម្រេចគោលដៅចុងក្រោយ គឺ ការបម្រើនូវសេវាសាធារណៈប្រកបដោយគុណភាពខ្ពស់, បានតាមតម្រូវការ និង ទាន់សភាពការជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា ។ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា វឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS នៅព្រះរាជាណាចក្រកម្ពុជា សម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់ រហូតដល់មានការអនុវត្តស្ទើរតែពេញទូទាំងប្រទេស បើគិតត្រឹមជំហានទី២ នៃការអនុវត្តគម្រោងដែលទើបបញ្ចប់ក្នុងឆ្នាំ ២០២០ កន្លងទៅនេះ ។ ប្រព័ន្ធ FMIS នេះ ត្រូវបានវាយតម្លៃខ្ពស់ពីថ្នាក់ដឹកនាំ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គ្រប់បណ្តាក្រសួង-ស្ថាប័នដែលបានចូលរួមអនុវត្ត រួមទាំងបណ្តាដៃគូអភិវឌ្ឍន៍នានា ចំពោះការបោះជំហានយ៉ាងលឿន ដែលក្លាយជាចលករដ៏សំខាន់មួយ ក្នុងការជំរុញឱ្យកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅព្រះរាជាណាចក្រកម្ពុជា អាចឈានសម្រេចបានតាមគោលដៅតាមការគ្រោងទុក ៕