កម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត តាមរយៈការសហការដោយផ្ទាល់ពីមជ្ឈមណ្ឌលជាតិផ្ដល់ឈាមនៃក្រសួងសុខាភិបាល
នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត តាមរយៈការសហការដោយផ្ទាល់ពីមជ្ឈមណ្ឌលជាតិផ្ដល់ឈាមនៃក្រសួងសុខាភិបាល។ កម្មវិធីសប្បុរសធម៌នេះ បានរៀបចំឡើង ក្រោយពីមានការគាំទ្រដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលឯកឧត្តមតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចការមនុស្សធម៌ទាំងនេះ ក៏ដូចជាឆ្លើយតបតាមការស្នើសុំផ្តល់កិច្ចសហការធ្វើការអប់រំផ្សព្វផ្សាយ និងទទួលអំណោយឈាមដោយស្ម័គ្រចិត្ត នៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ របស់មជ្ឍមណ្ឌលផ្តល់ឈាម នៃក្រសួងសុខាភិបាល ផងដែរ។ ទន្ទឹមនេះ ក្នុងគោលបំណងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយសង្គ្រោះជីវិតអ្នកដទៃ ដូចមានពាក្យមួយឃ្លាថា “ផ្ដល់ឈាម ផ្ដល់ជីវិត” ដែលនេះក៏ត្រូវបានរាប់បញ្ចូលក្នុងគុណសម្បត្តិនៃវិជ្ជាជីវៈមន្ត្រីរាជការ ព្រមទាំងអនុលោមតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្ដីពីការជំរុញលើកកម្ពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តផងនោះ, មន្ត្រីរាជការក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចំនួន ៨៨ រូប ដែលមានសមាសភាពមកពីអង្គភាពនានា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋាន បានស្ម័គ្រចិត្តមកបរិច្ចាគឈាម នាព្រឹកនេះ។ បន្ថែមពីនេះ ក្រុមការងារមជ្ឈមណ្ឌលជាតិផ្ដល់ឈាមនឹងទទួលយកអំណោយឈាមដោយស្ម័គ្រចិត្តទាំងអស់នេះ ដើម្បីផ្ដល់ជូនដល់មន្ទីរពេទ្យនានា ក្នុងការជួយសង្គ្រោះជនរងគ្រោះ ដែលត្រូវការឈាមចាំបាច់។
ក្នុងឱកាសនោះដែរ ក្រុមការងារមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានធ្វើការអប់រំផ្សព្វផ្សាយ និងលើកកម្ពស់ឱ្យមានមានការទទួលអំណោយឈាមដោយស្ម័គ្រចិត្តឱ្យបានកាន់តែច្រើន ជាពិសេសនៅតាមបណ្តាក្រសួង ស្ថាប័ន ដើម្បីទ្រទ្រង់ដល់មន្ទីរពេទ្យនានា ក្នុងការជួយសង្គ្រោះជនរងគ្រោះ ដែលត្រូវការឈាមចាំបាច់សម្រាប់សង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ។