ឯកឧត្តមអគ្គលេខាធិការអញ្ជើញចូលរួមវេទិកាសាធារណៈស្ដីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងថវិកាឆ្នាំ ២០១៩
នាព្រឹកថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០១៩ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ និងមន្ត្រីពាក់ព័ន្ធនៃអគ្គលេខាធិការដ្នាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមវេទិកាសាធារណៈស្ដីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងថវិកាឆ្នាំ ២០១៩ ដែលដឹកនាំដោយឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួងស្ថាប័នសំខាន់ៗ ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលពាក់ព័ន្ធ អ្នកសិក្សាស្រាវជ្រាវ និស្សិត និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជាច្រើនរូបទៀត។ វេទិកាសាធារណៈនេះត្រូវបានរៀបចំឡើងដើម្បីផ្សព្វផ្សាយដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចបច្ចុប្បន្នរបស់ប្រទេសកម្ពុជា ព្រមទាំងផ្សព្វផ្សាយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ ផងដែរ។