កិច្ចប្រជុំពិភាក្សាពីយន្តការគ្រប់គ្រងសំរាម និងសំណល់រឹង នៅស្រុកខ្សាច់កណ្ដាល ដោយមានការអញ្ជើញចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ
នាព្រឹកថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំព្រែកតាមាក់ បានរៀបចំកិច្ចប្រជុំពិភាក្សាពីយន្តការគ្រប់គ្រងសំរាម និងសំណល់រឹង នៅស្រុកខ្សាច់កណ្ដាល ដោយមានការអញ្ជើញចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ មានដូចជា លោកអភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល, តំណាងក្រុមការងារមន្ទីរបរិស្ថាន និងសាខាពន្ធដារខេត្តកណ្ដាល។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ដើម្បីជួបពិភាក្សាប្រមូលធាតុចូលបន្ថែមស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកណ្ដាល ក្នុងគោលដៅរៀបចំឱ្យបានទាន់ពេលវេលាពាក់ព័ន្ធនឹងយន្តការនិងអ្នកទទួលបន្ទុកសេវាប្រមូល និងគ្រប់គ្រងសំរាម សំណល់រឹង នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល សំដៅបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសំរាម និងសំណល់រឹងនៅមូលដ្ឋាន ឱ្យបានកាន់តែត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងប្រកបដោយអនាម័យ សោភ័ណភាព និងបរិស្ថានល្អ ជូនប្រជាពលរដ្ឋ។