កិច្ចប្រជុំពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈគ្រប់គ្រងថវិកា
នាព្រឹកថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈគ្រប់គ្រងថវិកា ដោយមានការចូលរួមពី ឯកឧត្តមអគ្គលេខាធិការ, ឯកឧត្តមនាយកវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គនាយករងតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួង ដែលជាសមាជិកសមាជិកាក្រុមការងារ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសិក្សាស្រាវជ្រាវនិងរៀបចំកម្មវិធីបណ្តុះបណ្តាលសម្រាប់មន្ត្រីទទួលបន្ទុកគ្រប់គ្រងថវិកា នៃអង្គភាពថវិការបស់ក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណៈរដ្ឋបាល សហគ្រាសសាធារណៈ មន្ទីរ/អង្គភាពជំនាញជុំវិញសាលារាជធានី ខេត្តទាំង ២៥ និងរដ្ឋបាលថ្នាក់ក្រោមជាតិរបស់រាជរដ្ឋាភិបាល។ ការរៀបចំកម្មវិធីសិក្សានេះ មានគោលបំណងធានាគុណភាព ប្រសិទ្ធភាពវិជ្ជាជីវៈ ភាពគ្រប់ជ្រុងជ្រោយ សំដៅឆ្លើយតបនឹងតម្រូវការជាក់ស្តែង និងសន្សំសំចៃថវិកាជាតិ។