កិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២០ របស់អគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នាព្រឹកថ្ងៃសៅរ៍ ២ រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ, អគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២០ របស់ខ្លួន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការនៃគ្រប់នាយកដ្ឋាន និងលេខាធិការដ្ឋាន នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កិច្ចប្រជុំប្រចាំឆ្នាំតែងតែត្រូវរៀបចំឡើងជារៀងរាល់ដំណាច់ឆ្នាំនីមួយៗជាទៀងទាត់ ដោយការរៀបចំកិច្ចប្រជុំនេះមានគោលបំណង ១.) ពិនិត្យពិភាក្សាបូកសរុបការងារដែលគ្រប់អង្គភាពក្រោមឱវាទអគ្គលេខាធិការដ្ឋានបានអនុវត្តក្នុងឆ្នាំ២០២០ កន្លងមក ទាំងលើការងារប្រចាំថ្ងៃ ការងារកែទម្រង់ និងការងារក្រៅកែទម្រង់ ២.) ស្ដាប់បញ្ហាប្រឈម និងសំណូមពរនានារបស់គ្រប់អង្គភាព និង ៣.) កំណត់ដាក់ទិសដៅការងារសម្រាប់ឆ្នាំ២០២១ ខាងមុខ។បន្ទាប់ពីកិច្ចប្រជុំត្រូវបានបញ្ចប់ ក៏មានការប្រគល់ជូននូវរង្វាន់លើកទឹកចិត្តជូនដល់បុគ្គលិកមន្ត្រីរាជការចំនួន ៥ រូប មកពីគ្រប់នាយកដ្ឋាន និងលេខាធិការដ្ឋាន ព្រមទាំងមានរៀបចំជាអាហារសាមគ្គីផ្ទៃក្នុង និងដំណើរកម្សាន្តជុំគ្នានៅក្នុងមជ្ឈមណ្ឌលកម្សាន្តផងដែរ។