ការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការបញ្រ្ជាបការយល់ដឹងអំពីការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ”
នាព្រឹកថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៨ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការបញ្រ្ជាបការយល់ដឹងអំពីការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ” ជូនសិក្ខាកាមគោលដៅ ដែលជាមន្ត្រីរាជការនៃអាជ្ញាធរសវនកម្មជាតិ ចំនួន ៦០ រូប ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS និងដោយមានការចូលរួមសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំអាជ្ញាធរសវនកម្មជាតិ។
វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងពង្រឹងសមត្ថភាព និង ការយល់ដឹងបន្ថែម ពាក់ព័ន្ធនឹងវិធាន និង និតិវិធីនៃការអនុវត្តប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ជូនសិក្ខាកាមគោល សម្រាប់ត្រៀមអនុវត្តការងារសវនកម្មដោយប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ និង សំដៅជំរុញការចូលរួមអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យប្រព្រឹត្តទៅសម្រេចគោលដៅ តាមការគ្រោងទុក ដែលជាកម្មវិធីកែទម្រង់ស្នូលមួយនៃកម្មវិធីកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងអភិបាលកិច្ច និងធានាប្រសិទ្ធភាពនៃការអនុវត្តថវិកាជាតិ, ទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចឱ្យប្រកបដោយបរិយាប័ន្ន ដូចបានកំណត់ក្នុងយុទ្ធសាស្រ្តចតុកោណ និង ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ។ ជារួម, កម្មវិធីកែទម្រង់ការគ្រប់គ្រងសាធារណៈមានគោលដៅកែលម្អប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ឆ្ពោះទៅកាន់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ដែលផ្តោតលើលទ្ធផល/សមិទ្ធកម្ម និង វិមជ្ឈការ ស្របតាមស្តង់ដារអន្តរជាតិ ។