ការជួបសំណេះសំណាលជាមួយក្រុមកីឡាករ តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលបានចូលរួមក្នុងការប្រកួតកីឡាជាតិលើកទី២ ឆ្នាំ២០១៨
នារសៀលថ្ងៃ សុក្រ ១០ រោច ខែ ជេស្ឋ ឆ្នាំ ច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំ “ការជួបសំណេះសំណាលជាមួយក្រុមកីឡាករ តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលបានចូលរួមក្នុងការប្រកួតកីឡាជាតិលើកទី២ ឆ្នាំ២០១៨” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាតំណាងអគ្គនាយកដ្ឋាន និងអង្គភាពក្រោមឱវាទក្រសួង, ប្រតិភូដឹកនាំ, នាយបេសកកម្ម, នាយរងបេសកកម្ម, គ្រូបង្វឹក និងកីឡាករតំណាងក្រសួងទាំង៦០រូប។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមគោលបំណងសំណេះសំណាល លើកទឹកចិត្ត និងការត្រៀមខ្លួនសម្រាប់ជំហានបន្ទាប់, បន្ទាប់ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចូលរួមក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡាជាតិលើកទី២ ឆ្នាំ២០១៨ ក្រោមប្រធានបទ “កីឡានាំមកនូវសន្តិភាព និងការអភិវឌ្ឍ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ២៤ ខែ ឧសភា ដល់ថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០១៨ កន្លងទៅ។ ជាក់ស្តែង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបញ្ជូនប្រតិភូកីឡាករទៅចូលរួមការប្រកួតលើ ០៤ ប្រភេទកីឡា រួមមាន ការ៉ាតេ, ចំបាប់, វាយសី និងបាល់បោះនារី ដោយបែងចែកជា ២៨ វិញ្ញាសារប្រកួត ហើយក្រោយពីឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញរួចមក, ប្រតិភូកីឡាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានទទួលមេដាយសរុបចំនួន ២០ គ្រឿង ក្នុងនោះ មាស ៨ , ប្រាក់ ៧ និងសំរឹទ្ធិ ៥ ។