ការចូលរួមជាវាគ្មិន និងធ្វើបទបង្ហាញស្តីពី “ការអភិវឌ្ឍសេដ្ឋកិច្ចដែលដឹកនាំដោយរដ្ឋ៖បទពិសោធន៍កម្ពុជា” នៅក្នុងសិក្ខាសាលាអន្តរជាតិស្តីពី “សមត្ថភាពរដ្ឋសម្រាប់ការអភិវឌ្ឍជាតិក្នុងដំណាក់កាលសេដ្ឋកិច្ចអន្តរកាលនៅបណ្តាប្រទេសអាស៊ាន និងតួនាទីរបស់កូរ៉េ”
ថ្ងៃទី ០៥ – ០៦ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគារហ្គាធិន ស៊ីធី រាជធានីភ្នំពេញ
ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានចូលរួមជាវាគ្មិន និងធ្វើបទបង្ហាញស្តីពី “ការអភិវឌ្ឍសេដ្ឋកិច្ចដែលដឹកនាំដោយរដ្ឋ៖បទពិសោធន៍កម្ពុជា” នៅក្នុងសិក្ខាសាលាអន្តរជាតិស្តីពី “សមត្ថភាពរដ្ឋសម្រាប់ការអភិវឌ្ឍជាតិក្នុងដំណាក់កាលសេដ្ឋកិច្ចអន្តរកាលនៅបណ្តាប្រទេសអាស៊ាន និងតួនាទីរបស់កូរ៉េ” ដោយមានការចូលរួមពីវាគ្មិននិងសិក្ខាកាមអន្តរជាតិដែលមានតួនាទីជាអ្នករៀបចំគោលនយោបាយ អ្នកស្រាវជ្រាវ និងអ្នកវិភាគគោលនយោបាយជាន់ខ្ពស់ ដែលអញ្ជើញមកពីវិទ្យាស្ថានស្រាវជ្រាវសាធារណៈនៃបណ្តាប្រទេសអាស៊ាន កូរ៉េ និងអូស្ត្រាលី សរុបប្រមាណ ៥០ រូប ព្រមទាំងមានការចូលរួមពីវាគ្មិន និងសិក្ខាកាមកម្ពុជាប្រមាណ ១៥០ រូប ដែលជាមន្ត្រីជាន់ខ្ពស់ក្នុងរាជរដ្ឋាភិបាល អ្នកសិក្សា និងស្រាវជ្រាវគោលនយោបាយសាធារណៈ។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយសាលាភូមិន្ទរដ្ឋបាល សហការជាមួយវិទ្យាស្ថានស្រាវជ្រាវកូរ៉េនៃសាកលវិទ្យាល័យ New South Wales ប្រទេសអូស្ត្រាលី ដោយមានគោលបំណងផ្តោតលើការចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងការកសាងសមត្ថភាពរដ្ឋក្នុងការអភិវឌ្ឍជាតិនៅបណ្តាប្រទេសអាស៊ាន និងកូរ៉េ ព្រមទាំងការពង្រឹងបណ្តាញនៃការស្រាវជ្រាវគោលនយោបាយយុទ្ធសាស្ត្ររវាងរាជរដ្ឋាភិបាល ស្ថាប័នសាធារណៈ និងគ្រឹះស្ថានសិក្សានៃបណ្តាប្រទេសអាស៊ាន និងកូរ៉េ។