Comment are off
កិច្ចប្រជុំស្តីអំពីការរៀបចំគម្រោង និង ផ្តល់ការលើកទឹកចិត្តនានា ទៅតាមប្រភេទគម្រោងនៃការសាងសង់ចំណតសាធារណៈ ក្នុងរាជធានីភ្នំពេញ
នារសៀលថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារអន្តរក្រសួងរៀបចំនិងលើកទឹកចិត្តគម្រោងចំណតសាធារណៈ បានដឹកនាំកិច្ចប្រជុំស្តីអំពីការរៀបចំគម្រោង និង ផ្តល់ការលើកទឹកចិត្តនានា ទៅតាមប្រភេទគម្រោងនៃការសាងសង់ចំណតសាធារណៈ ក្នុងរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសមាជិកនៃក្រុមការងារអន្តរក្រសួងរៀបចំ និងលើកទឹកចិត្តគម្រោងចំណតសាធារណៈដែលមានសមាសភាពមកពីបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ ។ កិច្ចប្រជុំនេះ មានគោលបំណងដើម្បីពិនិត្យពិភាក្សាអំពីផែនការមេសម្រាប់កែសម្រួលការចតយានយន្ត និងចំណតសាធារណៈ, ស្តង់ដារតម្រូវការរៀបចំ និងការសាងសង់ចំណតសាធារណៈ, និង ការផ្តល់ការលើកទឹកចិត្តនានាផ្អែកតាមប្រភេទគម្រោងចំណតសាធារណៈ ។