មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ដែល​ស្ថិត​ក្រោម​​ការសម្រប​សម្រួលរបស់អគ្គលេខាធិការដ្ឋាន បំពេញ​​មុខងារ​ជាតំណាង​របស់​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើ​ការងារ​សម្របសម្រួល​អង្គភាព​ថ្នាក់មូលដ្ឋាន​របស់​ក្រសួង ព្រមទាំង​អនុវត្ត​ភារកិច្ច​គ្រប់គ្រងវិស័យ​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ នៅរដ្ឋបាល​ថ្នាក់ក្រោមជាតិ តាមការកំណត់​របស់រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានភារកិច្ចដូចតទៅ៖

 • សម្របសម្រួលសកម្មភាពការងារ លើវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយមន្ទីរជំនាញ អង្គភាពនានា និង​រដ្ឋបាល​​​​​​ថ្នាក់ក្រោមជាតិ
 • សម្របសម្រួលការងារជាមួយអង្គភាពមូលដ្ឋានផ្សេងទៀត របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលរួមមាន​សាខា​​គយនិងរដ្ឋាករ រតនាគារ និងសាខាពន្ធដារ
 • សម្របសម្រួលនិងជំរុញ ប្រសិទ្ធភាពនិងគណនេយ្យភាពនៃការអនុវត្តគោលនយោបាយសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ​ របស់​​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្នាក់ក្រោមជាតិ
 • ពង្រឹងអភិបាលកិច្ច លើការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយមន្ទីរជំនាញ អង្គភាពនានា និង​រដ្ឋបាល​ថ្នាក់​​​ក្រោម​​ជាតិ
 • ផ្សព្វផ្សាយនិងណែនាំអនុវត្ត គោលនយោបាយរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដល់មន្ទីរជំនាញ អង្គភាព​​​​​​​​​​​នានា និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ដែលក្នុងនោះមានជាអាទិ៍ កម្មវិធី​កែ​ទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​​​ កំណែ​ទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ កំណែទម្រង់ប្រព័ន្ធបៀវត្ស
 • ចូលរួមពង្រឹង និងអនុវត្តច្បាប់ពាក់ព័ន្ធវិស័យហិរញ្ញវត្ថុដែលមានជាអាទិ៍ ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុ​សាធា​រណៈ​ ច្បាប់​ស្តីពីរបបហិរញ្ញវត្ថុនិង​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​​របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ច្បាប់ស្តីពីហិរញ្ញវត្ថុ​សម្រាប់​​​​​​​​​​​​​ការគ្រប់គ្រង​​ប្រចាំឆ្នាំនីមួយៗ
 • រៀបចំផែនការពង្រឹង និងកសាងសមត្ថភាពពាក់ព័ន្ធជំនាញគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់​មន្រ្តី​រាជការ​​​​​​​ក្រោមឱវាទ មន្រ្តីនៃបណ្តាមន្ទីរជំនាញ អង្គភាពនានា និងរដ្ឋបាលថ្នាក់ក្រោមជាតិ
 • គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋដែលកាន់កាប់និងប្រើប្រាស់នៅមន្ទីរជំនាញ អង្គភាពនានា និងរដ្ឋបាល​ថ្នាក់ក្រោម​ជាតិ
 • គ្រប់គ្រង ត្រួតពិនិត្យ និងជំរុញ ការប្រមូលចំណូលមិនមែនសារពើពន្ធ របស់មន្ទីរជំនាញ អង្គភាពនានា និង​រដ្ឋបាល​​​​​​​​ថ្នាក់ក្រោម​ជាតិ
 • ចូលរួមរៀបចំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តថវិការបស់មន្ទីរជំនាញ និងថវិការបស់ រដ្ឋបាល​​​​​​​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
 • ចូលរួមរៀបចំនិងអនុវត្ត គោលនយោបាយចំណូល-ចំណាយ ថវិកាថ្នាក់ជាតិ និងថវិកាថ្នាក់ក្រោមជាតិ
 • ចូលរួមគ្រប់គ្រង និងត្រួតពិនិត្យលើកិច្ចលទ្ធកម្មសាធារណៈ ដែលអនុវត្តដោយរដ្ឋបាលក្រុង ស្រុក ខណ្ឌ
 • ចូលរួមដោះស្រាយបណ្តឹងតវ៉ាលទ្ធកម្មរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ
 • ចុះបញ្ជីអ្នកដេញថ្លៃ ដែលចូលរួមដេញថ្លៃនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ
 • គ្រប់គ្រងនិងថែរក្សារាល់ឯកសារ និងណែនាំអនុវត្តបទដ្ឋានបច្ចេកទេសផ្សេងៗ ដែលក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ​​ បានសម្រេចដាក់ឱ្យអនុវត្ត
 • ផ្តល់កិច្ចសហការ ដល់កិច្ចដំណើរការសវនកម្ម និងអធិការកិច្ច នៅមន្ទីរជំនាញ អង្គភាពនានា និង​រដ្ឋបាល​​ថ្នាក់​​​​​​ក្រោម​​ជាតិ
 • រៀបចំនិងបូកសរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ ឬតាមការចាំបាច់ ជូនក្រសួង​សេដ្ឋកិច្ច​​​​និង​​ហិរញ្ញវត្ថុ អំពីស្ថានភាព នៃការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅថ្នាក់ក្រោមជាតិ
 • បំពេញភារកិច្ចផ្សេងទៀត តាមការកំណត់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត មានការិយាល័យក្រោមឱវាទចំនួន ៥ ដូចខាងក្រោម៖

១. ការិយាល័យបុគ្គលិក រដ្ឋបាល និងហិរញ្ញវត្ថុ

២.ការិយាល័យថវិកាមន្ទីរជំនាញ

៣.ការិយាល័យហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ

៤. ការិយាល័យទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ

៥. ការិយាល័យលទ្ធកម្មសាធារណៈ។