កិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេស លើគម្រោងចំណូល-ចំណាយថវិកាឆ្នាំ ២០១៩ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីក្រុមការងារថវិកានៃគ្រប់អង្គភាពថវិកាក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទាំងថ្នាក់កណ្ដាល និងថ្នាក់មូលដ្ឋាន
នាថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០១៨ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមអគ្គលេខាធិការ និងសហការីក្រុមការងារថវិកា នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេស លើគម្រោងចំណូល-ចំណាយថវិកាឆ្នាំ ២០១៩ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីក្រុមការងារថវិកានៃគ្រប់អង្គភាពថវិកាក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទាំងថ្នាក់កណ្ដាល និងថ្នាក់មូលដ្ឋាន។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីពិនិត្យពិភាក្សាដោយផ្ដោតសំខាន់លើរបៀបវារៈចំនួន ២ គឺ ១.) ការពិនិត្យលើផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០១៩-២០២១ ដែលបានស្នើ ២.) ការពិនិត្យលើការរៀបចំគម្រោងចំណូល-ចំណាយថវិកាឆ្នាំ២០១៩ ជាពិសេសការបំពេញតារាងឧបសម្ព័ន្ធ តាមចំណាត់ថ្នាក់កម្មវិធី និងមាតិកាសេដ្ឋកិច្ច និងការគ្រោងចំណាយលើបន្ទុកបុគ្គលិក(ជំពូក ៦៤) ដើម្បីជាមូលដ្ឋានសម្រាប់កិច្ចប្រជុំពិភាក្សារបស់ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ក្នុងខែសីហា ឆ្នាំ២០១៨ ខាងមុខ ក្នុងគោលដៅបង្កើនប្រសិទ្ធភាព និងសុក្រឹតភាព នៃការរៀបចំកញ្ចប់ថវិកាឆ្នាំ២០១៩ ឱ្យកាន់តែមានភាពប្រសើរ និងគ្រប់ជ្រុងជ្រោយថែមមួយកម្រិតទៀត។